(សៀមរាប)៖ អតីតយុទ្ធជនដែលធ្លាប់បានប្រយុទ្ធការពាររបបដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តាំងពីទសវត្សរ៍ឆ្នាំ៨០មកនោះ បានលើកឡើងថា ពួកគេមានអារម្មណ៍កក់ក្តៅនៅពេលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំ ហើយពួកគេនឹងនៅតែបន្តគាំទ្រសម្តេចតេជោធ្វើជានាយករដ្ឋមន្ត្រីទាំងអាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត។
នៅថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ នៅសាលាស្រុកស្រីស្នំ ខេត្តសៀមរាប មានពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិមួយជូនអតីតយុទ្ធជនក្នុងស្រុកស្រីស្នំ ៤០៥នាក់។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់លោក សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប លោក ទៀ ទីហា អភិបាលរងខេត្តសៀមរាប និងលោក លន់ សុធី ប្រធានក្រុមការងារចុះជួយស្រុកស្រីស្នំ។
ក្នុងពិធីសំណេះសំណាលនេះតំណាងអតីតយុទ្ធជនក្នុងស្រុកស្រីស្នំលោក ប៉ិក ភ័ណ្ឌ បានបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលពួកគាត់ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងបានយកចិត្តទុកដាក់ទៅលើការរស់នៅរបស់ពួកគាត់ ហើយបានដោះស្រាយរាល់បញ្ហាដែលពួកគាត់ជួបប្រទះ។
លោក ប៉ិក ភ័ណ្ឌ ដែលជានគបាលចូលនិវត្តន៍ រស់នៅភូមិប្រីយ ឃុំប្រីយ៍ ស្រុកស្រីស្នំ ជាអតីតយុទ្ធជនមួយរូបដែលធ្លាប់បានប្រយុទ្ធតស៊ូលើសមរភូមិ ដើម្បីការពាររបបរបស់សម្តេចតេជោ ហ៊ុន សែន ពីការប៉ុនប៉ងផ្តួលរំលំរបស់ខ្មែរក្រហមនោះ បានលើកឡើងថា សម្តេចេជោ ហ៊ុន សែន ជារដ្ឋបុរសដែលបានដឹកនាំតស៊ូរំដោះជាតិ បង្រួបបង្រួមជាតិ ស្វែងរកសន្តិភាព និងអភិវឌ្ឍន៍ជាតិ។
លោក ភ័ណ្ឌ លើកថា ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បាននាំឲ្យពួកគាត់មានជំនឿចិត្ត និងភាពកក់ក្តៅ។ ជាពិសេសជឿជាក់ថា សង្គមកម្ពុជានឹងបន្តរីកចម្រើនលូតលាស់ទៅមុខទៀត។
«ពួកខ្ញុំទាំងអស់គ្នាជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយក៏មានកក់ក្តៅផងដែរក្រោមការដឹកនាំរបស់សម្តេចតេជោ។ ពួកខ្ញុំនឹងបន្តគាំទ្រសម្តេចតេជោ ជាមេដឹកនាំរបស់កម្ពុជាទាំងក្នុងអាណត្តិនេះ និងអាណត្តិបន្តបន្ទាប់ទៀត»។ លោក ប៉ិក ភ័ណ្ឌ បញ្ជាក់បន្ថែម៕