(ភ្នំពេញ)៖ ថ្លែងចំពោះមុខអ្នកជំនួញរកស៊ីផ្នែកអចលវត្ថុកម្ពុជាជាតិ និងអន្ដរជាតិជាច្រើនរូប លោកទេសរដ្ឋមន្រ្ដី ជា សុផារ៉ា រដ្ឋមន្រ្ដីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ បានសង្កត់ធ្ងន់ៗថា ទោះបីស្ថិតក្នុងឆ្នាំបោះឆ្នោតក្ដី ក៏វិស័យដីធ្លីមិនមានបញ្ហាធ្លាក់ចុះ ឬប្រែប្រួលនោះឡើយ។
ការលើកឡើងបែបនេះ របស់លោកទេសរដ្ឋមន្រ្ដី ធ្វើឡើងនាឱកាសដែលលោកអញ្ជើញ ទៅចូលរួមក្នុងការរបើកដំណើរការ បុកគ្រឹះសាងសង់គម្រោងលំនៅដ្ឋាន The Palms នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ។
លោកទេសរដ្ឋមន្ដ្រីបានបញ្ជាក់ថា «ទោះបីស្ថិតក្នុងពេល មុនបោះឆ្នោត ក្រោយបោះឆ្នោត និងកំពុងបោះឆ្នោតក្ដី ក្នុងបណ្ដាឆ្នាំកន្លងមកនេះមិនមានការប្រែប្រួលខ្លាំងទេ ពីបញ្ហាអចលនទ្រព្យ ខណៈបច្ចុប្បន្ននេះទីផ្សារដីនៅទីកន្លែងណា ក៏មានការកើនឡើងខ្ពស់ដែរ ពិសេសក្នុងខេត្តព្រះសីហនុ និងទីក្រុងភ្នំពេញ ទាំងនេះបង្ហាញពីជំនឿជឿជាក់ថា ការបោះទុនក្នុងប្រទេសកម្ពុជា ពិតជាមានស្ថេរភាព និងអាចទទួលយកនូវប្រាក់ចំណេញបាន»។
លោកថា នៅក្នុងឆ្នាំ២០១៧ ការបោះទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជា មានទឹកប្រាក់ប្រមាណ៦,៤០០លានដុល្លារ កើនឡើង២១.៨៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ ដែលមានត្រឹមតែ៥,៥៧៩លានដុល្លារ។
កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា រាល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដម្ដងៗ ការវិនិយោគលើវិស័យដីធ្លី តែងតែមានបញ្ហាដូចជាជាប់គាំង លក់មិនចេញជាដើម ព្រោះតែអ្នកវិនិយោគទាំងនោះរង់ចាំមើលថា តើគណបក្សណាជាប់ឆ្នោត? ប៉ុន្ដែសម្រាប់ឆ្នាំ២០១៨នេះវិញ ការវិនិយោគលើវិស័យដីធ្លីនេះ នឹងមិនមានជាបញ្ហាចោទនោះឡើយ ដោយសារតែប្រជាពលរដ្ឋកម្ពុជាជឿជាក់ថា ឆ្នាំនេះគណបក្សប្រជជាជនកម្ពុជា នឹងបន្ដឈ្នះឆ្នោត។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា «សម្រាប់ឆ្នាំ២០១៨នេះវិញ វិស័យដីធ្លីមិនបានធ្លាក់ចុះ ឬនៅទ្រឹងឡើយ ដោយដីបានឡើងថ្លៃមុនពេលបោះឆ្នោតទៅទៀត ដោយសារតែគេដឹងច្បាស់ថា ខ្ញុំពិតជានៅកាន់តំណែងជានាយករដ្ឋមន្រ្ដី ក្នុងពេលដែលគណបក្សប្រជាជន បន្ដឈ្នះឆ្នោតទាំងនេះជារឿងពិត»។
អ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យដីធ្លីកម្ពុជា លោកបណ្ឌិត គីម ហ៊ាង ធ្លាប់បានបញ្ជាក់ប្រាប់ Fresh News ថាគ្មានអ្វីគួរឲ្យបារម្ភឡើយសម្រាប់វិស័យដីធ្លីនៅកម្ពុជា ក្នុងឆ្នាំ២០១៨ ដែលជាឆ្នាំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប៉ុន្តែផ្ទុយទៅវិញ គឺជាឱកាសល្អបំផុត សម្រាប់អ្នករកស៊ីទិញលក់ក្នុងវិស័យដីធ្លី។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោកបណ្ឌិត គីម ហ៊ាង លើកឡើងយ៉ាងដូច្នេះថា ឆ្នាំបោះឆ្នោតជាឱកាសល្អ មានន័យថា ធម្មតានៅពេលដែលជិតនឹងការបោះឆ្នោត មិនមែនតែ នៅក្នុងប្រទេសកម្ពុជានោះទេ នៅប្រទេសណាក៏ដោយ នៅពេលដែលជិតបោះឆ្នោត គឺមនុស្សត្រូវការលុយ នៅពេលដែលតម្រូវការលុយកើនឡើង ទោះចង់ឬមិនចង់ក៏ត្រូវតែលក់ ដូច្នេះពេលនេះហើយជាពេលមួយ ដែលមានការលក់ច្រើន នៅពេលលក់ច្រើន អ្នកទិញក៏មានជម្រើសច្រើនដូចគ្នា៕