(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាសមាជិកអចិន្ត្រៃយ៍គណ:កម្មាធិការកណ្តាលសមាគមអតីយុទ្ធជនកម្ពុជា បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន គឺជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍ មានសុខសន្តិភាព ដោយសម្តេចបានតម្កល់ប្រយោជន៍ជាតិ និងប្រជាជនពលរដ្ឋកម្ពុជាទាំងមូលជាធំ។
លោកបានបន្តថា បើគ្មានសម្តេចតេជោ ហ៊ុន សែន ប្រទេសជាតិក៏គ្មានសុខសន្តិភាព ដូច្នេះត្រូវរួមគ្នាការពារសុខសន្តិភាពទាំងអស់គ្នា។
នាយឧត្តមសេនីយ៍ បានថ្លែងបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ថ្នាក់មាស ប្រាក់ សំរិទ្ធ ជូនដល់សមាជិកអតីតយុទ្ធជនក្នុងខេត្តព្រះវិហារ ដែលជាជនពិការ និវត្តជនចំនួន ៥០០នាក់ មកពីស្រុកចំនួន៣ មានស្រុកគូលេន ស្រុករវៀង និងស្រុកសង្គមថ្មី នៅសាលាខេត្តព្រះវិហារ ដែលបានរៀបចំឡើងដោយ សមាគមអតីតយយុទ្ធជនកម្ពុជាខេត្តព្រះវិហារ សហការជាមួយស្នងការនគបាល មេបញ្ជាការកងរាជអាវុធហត្ថ និងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន ស្តារនីតិសម្បទាខេត្តព្រះវិហារ នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ។
លោកឧត្តមសេនីយ៍ត្រី ចាន់ សុភក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិកាសិករង និងជាប្រធានសមាគមអតីតយុទ្ទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានឲ្យដឹងថា ដើម្បីផ្តល់នូវការលើកទឹកចិត្ត និងតបស្នងដឹងគុណ ចំពោះគុណបំណាច់ដែលអតីតយុទ្ធជនបានលះបង់ ញើស ឈាម កាយសម្បទា ចំពោះជាតិមាតុភូមិ ទឹកដី និងភាពសុខសាន្តរបស់ប្រទេសជាតិ និងប្រជាជនកម្ពុជាកន្លងមក សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានស្នើរទៅប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ.ភ.ម កងទ័ពជើងគោក ពិសេសសមាគមអតីតយុទ្ធជនកម្ពុជាដើម្បីផ្តល់ជូននូវគ្រឿងឥស្សរិយយសការពារជាតិ ដល់អតីតយុទ្ធជនទាំង ៥០០នាក់ ដែលក្នុងនោះបានផ្តល់ គ្រឿងឥស្សរិយយសការពារជាតិ ថ្នាក់មាសចំនួន ១គ្រឿង ថ្នាក់ប្រាក់៦៣គ្រឿង ថ្នាក់សំរិទ្ធ៤៣៧គ្រឿង។
ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ សំណូមពរថា ស្របពេលដែលសម្តេចតេជោ ហ៊ុន សែន បានខិតខំគ្រប់បែបយ៉ាងដើម្បី អតីតយុទ្ធជននោះ សូមអតីតយុទ្ធជន ត្រូវតបស្នងសងគុណចំពោះសម្តេចតេវិញ តាមរយះការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
សូមជម្រាបថា តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ចន្ទ័ សុភ័ក្ត្រា បានឲ្យដឹងថា នៅខេត្តព្រះវិហារ មានអតីតយុទ្ធជនចំនួន ២,០២៤នាក់ ក្នុងនោះមានសមាជិកអតីតយុទ្ធជនចំនួនំ ១,៦២៦នាក់។ ដោយឡែក មានអ្នកជីវភាពលំបាកអត់ដី អត់ផ្ទះ ត្រូវបានសមាគមអតីតយុទ្ធជនខេត្ត ដោះស្រាយជូនជាបន្តបន្ទាប់ ហើយចំពោះគ្រួសារអតីតយុទ្ធជន ដែលបានពលីក៏ត្រូវបានសមាគម ដោះស្រាយជូនថវិកាបេឡាមរណភាព ហើយក្រៅពីនោះសមាគម ក៏បានលើកផ្ទះជូនគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពក្រីក្រលំបាកបានជាច្រើនខ្នងផងដែរ៕