(សៀមរាប)៖ គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញត្ថុសាធារណៈ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨នេះ សហការជាមួយលេខាធិការដ្ឋាន នៃបណ្តាញគ្រប់គ្រងចំណាយសាធារណៈប្រចាំអាស៊ី (Public Expenditure Management Network in Asia, PEMNA) បានរៀបចំសន្និសីទពេញអង្គ នៃបណ្តាញគ្រប់គ្រងចំណាយសាធារណៈប្រចាំអាស៊ី នៅកម្ពុជាឆ្នាំ២០១៨ ក្រោមប្រធានបទ «ការពង្រឹងការគ្រប់គ្រងចំណូលនិងថវិកា ដើម្បីគាំទ្រគោលនយោបាយជាតិជាអាទិភាព» ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារ។
លោក រស់ សីលវ៉ា អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំ ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានគូសបញ្ជាក់ថា ការរៀបចំសន្និសីទ ពេញអង្គនៃបណ្តាញគ្រប់គ្រង ចំណាយសាធារណៈប្រចាំអាស៊ី នៅកម្ពុជាឆ្នាំ ២០១៨ ជាឱកាសដ៏កម្រមួយ ដើម្បីប្រមូលផ្តុំអ្នកជំនាញជាតិ និងអន្តរជាតិ ចែករំលែកបទពិសោធ លើការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈក្នុងគោលដៅពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
លោកបញ្ជាក់ថា នេះជាលើកទី១ ដែលប្រទេសកម្ពុជាមានកិត្តិយសទទួល ធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និសីទពេញអង្គប្រចាំឆ្នាំ២០១៨ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០១៨ នៅខេត្តសៀមរាប ដោយមានរបៀបវារៈសំខាន់ចំនួន៣ក្នុងនោះ៖
ទី១៖ ការពង្រឹងការគ្រប់គ្រងចំណូល និងថវិកាដើម្បីគាំទ្រគោលនយោបាយជាតិជាអាទិភាព
ទី២៖ ថវិកាផ្សារភ្ជាប់នឹងគោលនយោបាយ
ទី៣៖ ការបង្កើតប្រព័ន្ធគ្រប់គ្រងចំណូលជាតិ ប្រកបដោយប្រសិទ្ធភាព ។
លោក Wansup Kim សហប្រធាននៃគណៈកម្មាធិការបណ្តាញ គ្រប់គ្រងចំណាយសាធារណៈប្រចាំអាស៊ី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងការអនុវត្តថវិកា នៃក្រសួងយុទ្ធសាស្ត្រ និងហិរញ្ញវត្ថុ នៃសាធារណរដ្ឋកូរ៉េ ក៏បានគូសបញ្ជាក់ថា ការរៀបចំសន្និសីទប្រចាំឆ្នាំនេះ មានគោលបំណងដើម្បីចែករំលែកបទពិសោធ និងឧត្តមានុវត្តនៃការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ រវាងបណ្តាប្រទេសជាសមាជិកទាំង១៣ ក្នុងនោះប្រទេសប្រ៊ុយ-ណេ, កម្ពុជា, ចិន, ឥណ្ឌូនេស៊ី, សាធារណៈរដ្ឋកូរ៉េ, ឡាវ, ម៉ាឡេស៊ី, ម៉ុងហ្គោលី, មីយ៉ាន់ម៉ា, ហ្វីលីពីន, ថៃ, ទីម័រខាងកើត និងវៀតណាម សម្រាប់អ្នកកាន់កិច្ចការថវិកា និងរតនាគារ។
លោក Lars M. Sondergaard ប្រធានកម្មវិធីប្រចាំតំបន់ នៃធនាគារពិភពលោក ក៏បានលើកឡើងថា ប្រទេសកម្ពុជាទទួលបានកំណើន សេដ្ឋកិច្ចអត្រាជាមធ្យម៧.៦% ពី១៩៩៤-២០១៥ ស្ថិតក្នុងចំណាត់ថ្នាក់ទី៦ក្នុងពិភពលោក អត្រាភាពក្រីក្រធ្លាក់ចុះពី៤៧.៨% ដល់ ១៣.៥% ក្នុងឆ្នាំ ២០១៤ និងទទួលបានឋានៈជាប្រទេសចំណូល មធ្យមកម្រិតទាប។
លោក George Edgar ឯកអគ្គរដ្ឋទូតនៃស្ថានតំណាងសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានលើកឡើងថាការអភិវឌ្ឍដោយចីរភាព គឺទាមទារឱ្យមានកែលម្អ និងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
លោកថា ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គួរជាការកែទម្រង់ស្នូលមួយនៃរបៀបវារៈគោលនយោបាយរបស់រដ្ឋាភិបាល ។ ក្នុងន័យនេះ ប្រសិទ្ធភាពនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ នឹងជួយឱ្យរដ្ឋបាលសម្រេចបាននូវលទ្ធផលជាវិជ្ជមានសម្រាប់វិស័យអប់រំ, សុខាភិបាល, កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឈានឆ្ពោះទៅសម្រេចបានគោល-ដៅអភិវឌ្ឍន៍ដោយចីរភាព។
លោកបន្ថែមថា បច្ចុប្បន្ននេះ សហភាពអឺរ៉ុប កំពុងផ្តល់ហិរញ្ញប្បទានដោយផ្ទាល់ ឬ តាមរយៈធនាគារពិភពលោក លើគម្រោងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដល់ប្រទេសកម្ពុជា, ឡាវ, វៀតណាម, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ុង-ហ្គោលី, ទីម័រខាងកើត, វៀតណាម និងដល់ប្រទេសមីយ៉ាន់ម៉ា ក្នុងពេលឆាប់ៗនេះ ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ជូនភ្ញៀវជាតិ និងអន្តរជាតិថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តនៅឆ្នាំ ២០០៤ ក្នុងគោលដៅផ្លាស់ប្តូរ «ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលផ្តោតលើធាតុចូល និងមជ្ឈការ» ទៅជា «ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលផ្តោតលើលើធាតុចេញ និងវិមជ្ឈការ» ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានដាក់ចេញ ដោយរចនាតាមអភិក្រមជាខឿន ចំនួន៤ និងត្រូវបានរៀបចំអនុវត្តជា៤ដំណាក់កាល ចាប់តាំងពីឆ្នាំ ២០០៤មក ។ បច្ចុប្បន្ននេះ កម្មវិធីកែទម្រង់ កំពុងស្តិតនៅលើខឿនទី ៣ និងដំណាក់កាលទី៣ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ «ការផ្សារភ្ជាប់ថវិកាទៅគោលនយោបាយ» ដែលនឹងត្រូវបញ្ជប់ត្រឹមឆ្នាំ២០២០ខាងមុខ ហើយរាជរដ្ឋាភិបាលនឹងបន្តអនុវត្តខឿន និងដំណាក់កាលទី៤ចុងក្រោយ ដែលផ្តោតលើ «គណនេយ្យភាពសមិទ្ធកម្ម» ចាប់ពីឆ្នាំ២០២១ ដោយបញ្ចប់នៅឆ្នាំ២០២៥ ។
អគ្គបណ្ឌិតសភាចារ្យបានបន្តថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ, ចាប់ពីឆ្នាំ២០១៣-២០១៨, ចំណូលចរន្តថវិការដ្ឋ បានកើនឡើងជាងពីរដង ពីប្រមាណ ២,២៦៤លានដុល្លារអាមេរិក ដល់ប្រមាណ៤,៥៦០ លានដុល្លារអាមេរិក។ ការកើនឡើងនៃទំហំចំណូលនេះ បានផ្តល់លទ្ធផលឱ្យរាជរដ្ឋាភិបាលបង្កើនចំណាយយ៉ាងច្រើន ទៅលើការលើកកម្ពស់គុណភាព និងការពង្រីកវិសាលនៃសាវាសាធារណៈ, ទាំងតាមរយៈចំណាយចរន្តថវិកាជាតិ និងទាំងតាមរយៈចំណាយវិនិយោគសាធារណៈ ដើម្បីធ្វើឱ្យការផ្តល់សេវាសាធារណៈ មានភាពកាន់តែប្រសើរឡើង និងកាន់តែខិតជិតនឹងប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់។
លោករដ្ឋមន្ត្រីបន្ថែមថា ក្នុងរយៈពេលប្រចាំឆ្នាំ ៥ ឆ្នាំចុងក្រោយ ថវិការដ្ឋសរុប ត្រូវបានបង្កើនជិតពីរដង, ក្នុងនោះចំណាយសរុបរបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានបង្កើនជិតបីដង, ចំណាយសរុបរបស់ក្រសួងសុខាភិបាល ត្រូវបានបង្កើនជិតពីរដងកន្លះ, ចំណាយសរុបរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានបង្កើនជិតបីដង, ហើយចំណាយវិនិយោគផ្ទាល់ដោយហិរញ្ញប្បទានក្នុងប្រទេស ត្រូវបានបង្កើនជិតពីរដងកន្លះ។ មួយវិញទៀត, សមាមាត្រនៃចំណូលថវិកាពីប្រភពហិរញ្ញប្បទានក្រៅប្រទេស ក្នុងចំណែកថវិកាជាតិបានថយចុះថែមទៀត នៅមិនដល់២០%ផងទេនៅឆ្នាំ២០១៨ ។
យោងតាមកម្មវិធីបានគ្រោងទុក, សន្និសីទ PEMNA ឆ្នាំ២០១៨ នឹងបន្តពិភាក្សាលើប្រធានបទ «ការពង្រឹងការគ្រប់គ្រងចំណូល និងថវិកា ដើម្បីគាំទ្រគោលនយោបាយជាតិជាអាទិភាព» សម្រាប់ថ្ងៃទី ១ និង ប្រធានបទ «ថវិកាផ្សារភ្ជាប់នឹងគោលនយោបាយ» និង «ការបង្កើតប្រព័ន្ធគ្រប់គ្រងចំណូលជាតិ ប្រកបដោយប្រសិទ្ធភាព» សម្រាប់ថ្ងៃទី២ ។ ធាតុចូលដែលបានមកសន្និសីទនេះ នឹងរួមចំណែកក្នុងការកែលម្អ និងពង្រឹងការរៀបចំ និងអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយគុណភាព, ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព៕