(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធនាគារជាតិនៃកម្ពុជា និងអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះអនុស្សរណៈយោគយល់គ្នាមួយ ស្តីពីការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហេត្ថលេខាដោយលោក ឡោ ដាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានសុរិយាដី និងភូមិសាស្រ្ត និងលោកស្រី សាយ សំអាត អគ្គលេខាធិការអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា។
ការចុះអនុស្សរណៈយោគយល់ស្តីពី ការផ្លាស់ប្តូរព័ត៌មានពាក់ព័ន្ធការប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហការគ្នាទៅវិញទៅមក ឲ្យកាន់តែជិតស្និតបន្ថែមទៀត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការស្វែងរកទប់ស្កាត់ និងលុបបំបាត់ ការសម្អាត ប្រាក់និងហិរញ្ញប្បទានភេរវកម្ម។
សូមបញ្ជាក់ថា នេះជាការចុះហត្ថលេខាលើកទី១០ហើយ ដែលអង្គភាពស៊ើបការណ៍ ហិរញ្ញវត្ថុកម្ពុជា បានចុះអនុស្សរណៈជាមួយស្ថាប័នក្នុងស្រុក៕