(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ស្វាគមន៍ចំពោះជំនួបកំពូល របស់មេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដែលបានបញ្ចប់ទៅដោយជោគជ័យ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ។
សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍ចំពោះជំនួបកំពូលអន្តរកូរ៉េ ដែលបានបញ្ចប់ទៅដោយជោគជ័យ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ និងសេចកី្តប្រកាសប៉ានមុនយូម ដើម្បីសនិ្តភាព វិបុលភាព និងការបង្រួបបង្រួមឧបទី្វបកូរ៉េ។ ជំនួបកំពូលជាប្រវត្តិសាស្រ្តនេះ គឺជាជំហានទៅមុខឆ្ពោះទៅរកភាពកាន់តែប្រសើរនៃទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការអន្តរកូរ៉េ ក៏ដូចជាសនិ្តភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ»។
ជាមួយគ្នានេះ ក្រសួងការបរទេសក៏បានបញ្ជាក់ទៀតថា ប្រទេសកម្ពុជាមានការលើកចិត្ត ដោយឃើញពីការបេ្តជ្ញាដើម្បីបង្កើតនូវរបបសនិ្តភាពជា អចិន្ត្រៃយ៍ជំនួសឲ្យស្ថានភាពយុទ្ធសនិ្តភាព នាពេលពេលបច្ចុប្បន្ននេះ ហើយគាំទ្រយ៉ាងពេញទំហឹង ចំពោះការលុបបំបាត់នុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ដែលនឹងបង្កើតឲ្យមាននូវសនិ្តភាព សនិ្តសុខ និងសិ្ថរភាពជានិរន្តរ៍នៅក្នុងតំបន់។
សូមរំលឹកថា កាលពីថ្ងៃទី២៧ ខែមេសា គឺជាទិវាប្រវត្តិសាស្ត្រ គួរជាទីចងចាំសម្រាប់កូរ៉េទាំងពីរ ក៏ដូចជាអន្តរជាតិ ដោយសារតែគ្រប់គ្នា បានមើលឃើញបងប្អូនកូរ៉េទាំងពីរ ព្រមបន្ទន់ឥរិយាបថ និងអង្គុយចុះចរចាគ្នា ប្រកបដោយភាពកក់ក្តៅបំផុត មិនធ្លាប់មានរយៈពេល ១១ឆ្នាំមកហើយ។ នៅក្នុងនោះសេចក្តីថ្លែងការណ៍រួម ក៏ត្រូវបានសម្រេចចេញផងដែរ ដោយសុទ្ធសឹងតែជាភាពវិជ្ជមាន ដែលគ្រប់គ្នាចង់ឃើញ។
សម្រាប់ចំណុចសំខាន់ៗ ដែលគួរឲ្យកត់សម្គាល់ នៃសេចក្តីថ្លែងការណ៍រួម កាលពីល្ងាចថ្ងៃសុក្រម្សិលមិញ នៅក្នុងដំណើរទស្សនកិច្ច លោក គីម ជុងអ៊ុន នៅកូរ៉េខាងត្បូងនោះ គឺមានដូចជា កិច្ចព្រមព្រៀងសន្តិភាពជាអចិន្ត្រៃយ៍មួយ ត្រូវតែសម្រេចឲ្យបាន នៅក្នុងឆ្នាំ២០១៨នេះ, កូរ៉េខាងជើងព្រមលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង, លោក មូន ជែអ៊ីន នឹងទៅបំពេញទស្សនកិច្ច នៅកូរ៉េខាងជើងវិញ, ការរៀបជំនួបរវាងក្រុមគ្រួសារ ដែលបែកបាក់ដោយសារតែសង្គ្រាមឡើងវិញ និងការសន្យាបើកកិច្ចពិភាក្ សាដូចខាងលើនេះ ឲ្យបានញឹកញាប់ជាដើម៕