(ភ្នំពេញ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ កម្លាំងនគរបាល នៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងភ្នាក់បាល់ និងល្បែងតាមប្រព័ន្ធអនឡាញ មួយកន្លែងយីហោ Internet 365 ផ្លូវលេខ៤៧៤ ផ្ទះលេខ២៦ ក្រុម៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន។
បើតាមសេចក្ដីរាយការណ៍ ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជា ថែ អនុប្រធាននាយកដ្ឋាន សហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដែលស្ថិតក្រោមការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងល្បែងតាមប្រព័ន្ធអនឡាញនេះ កម្លាំងនគរបាលជំនាញឃាត់ខ្លួនបានមនុស្ស១១នាក់ ក្នុងនោះអ្នកចូលលេង៧នាក់ និងមេការ៤នាក់ ស្រី២នាក់ ព្រមទាំងដកហូតបានម៉ូតូ១២គ្រឿង សម្ភារៈកុំព្យូទ័រ បម្រើឲ្យល្បែងស៊ីសងជាច្រើនគ្រឿងទៀតផងដែរ។
បើតាមភ្នាក់ងារ Fresh News ក្រោយប្រតិបត្តិមនុស្សទាំង១១នាក់ រួមជាមួយសម្ភារៈទាំងអស់ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕