(ភ្នំពេញ)៖ តាមរយៈកិច្ចប្រជុំពេញអង្គនាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចកែប្រែបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនទៅលើប្រការ និងមាត្រាមួយចំនួនពាក់ព័ន្ធបណ្តឹងតវ៉ាទៅលើការបោះឆ្នោត ក៏ដូចជាការចុះបញ្ជីបេក្ខជន ឬគណបក្សនយោបាយសម្រាប់ចូលរួមការប្រកួតប្រជែងបោះឆ្នោត។
បើតាមមន្ត្រីក្រុមប្រឹក្សាធម្មនុញ្ញ បានអះអាងថា ការកែប្រែបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាធម្មនុញ្ញនេះ គឺដើម្បីឲ្យឆ្លើយតបទៅនឹងការធ្វើវិសោធនកម្មពាក់ព័ន្ធច្បាប់ស្តីពីគណបក្សនយោបាយ ក៏ដូចជាច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ឬជ្រើសរើសព្រឹទ្ធសភាជាដើមនោះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា ប្រការដែលត្រូវបានកែប្រែនេះរួមមាន៖ ប្រការ ៨ថ្មី (បី) ប្រការ ៩ និងប្រការ ១០ថ្មី (ថ្មី)។