(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ បានប្រកាសឲ្យក្រុមហ៊ុន «ស៊ូណាត្រា» ផ្អាកការលុយពីប្រជាពលរដ្ឋដែលបានយកម៉ូតូ និងរថយន្តរបស់ពួកគាត់ចតលើដងផ្លូវ នៅម្តុំវត្តភ្នំ ក្នុងខណ្ឌដូនពេញ តទៅទៀត ហើយនៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨នេះ អាជ្ញាធរខណ្ឌដូនពេញ បានចុះទៅត្រួតពិនិត្យ និងចុះរៀបចំសណ្តាប់ធ្នាប់បន្ថែមនៅតំបន់នោះ ជាពិសេសជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋឲ្យបានដឹងគ្រប់ៗគ្នា។
កាលពីពេលថ្មីៗនេះ មានរិះគន់យ៉ាងខ្លាំងពីមហាជន ជាពិសេស ពលរដ្ឋដែលបានយកកូនមកកាន់មន្ទីរពេទ្យគន្ធបុប្ផា ហើយដោយសារតែប្រញាប់ខ្លាំងពេក ដើម្បីឲ្យកូនចូលទៅក្នុងមន្ទីរពេទ្យនោះ ពួកគាត់បានបង្ខំចិត្តយកម៉ូតូ និងរថយន្តទៅចតនៅលើដងផ្លូវនៅក្បែរៗនោះ។ ប៉ុន្តែពេលត្រឡប់មកវិញ ស្រាប់តែមានបុគ្គលិករបស់ក្រុមហ៊ុន «ស៊ូណាត្រា» ទៅទារថ្លៃភាស៊ីមានចាប់ពី៣០០០រៀល ឡើងទៅផងដែរ។ ពេលខ្លះម៉ូតូរបស់ប្រជាពលរដ្ឋ ត្រូវបានបុគ្គលិកនោះ យកច្រវ៉ាក់ទៅចាក់កង់ម៉ូតូ ដើម្បីបង្ខំឲ្យម្ចាស់បង់លុយថ្លៃភាស៊ី ចំពោះការចតលើដងផ្លូវនេះ។
ដោយសារតែមានការរិះគន់ខ្លាំងពីប្រជាពលរដ្ឋមកនោះ ទើបអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានសម្រេចឲ្យក្រុមហ៊ុនយកភាស៊ីមួយនេះ បញ្ឈប់សកម្មភាពភ្លាម ដែលនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពលរដ្ឋទូទៅ។
នៅរសៀលថ្ងៃនេះលោក យស់ យុទ្ធី អភិបាលរងខណ្ឌដូនពេញ និងលោក ចាប ឌីណា នាយករដ្ឋបាលសាលាខណ្ឌដូនពេញ បានដឹកនាំកម្លាំងសមត្ថកិច្ច និងកម្លាំងសណ្តាប់ធ្នាប់ចុះទៅរៀបចំសណ្តាប់ធ្នាប់ នៅជុំវិញបរិវេណវត្តភ្នំ និងនៅក្បែរមន្ទីរពេទ្យគន្ធបុប្ផា។
លោក ចាប ឌីណា បានប្រាប់មកកាន់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ក្រោមការណែនាំពីអភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌដូនពេញ រសៀលថ្ងៃនេះ យើងបានចុះមកពិនិត្យមើលនៅបរិវេណវត្តភ្នំ និងទីតាំងមួយចំនួនទៀត ពាក់ព័ន្ធការវិនិយោគរបស់ក្រុមហ៊ុន ស៊ូណាត្រា ហើយពេលនេះយើងឃើញថា ពុំមានការយកលុយភាស៊ីអ្វីទៀតឡើយ ដោយយើងបានផ្អាកសកម្មភាពនេះហើយ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ ទទួលបានជាព័ត៌មាន។ តែយ៉ាងណាក៏ដោយ យើងសុំការយោគយល់ដល់ប្រជាពលរដ្ឋទាំងអស់ ចំពោះការប្រកបអាជីវកម្ម និងការចតម៉ូតូ រថយន្តឲ្យមានសណ្តាប់ធ្នាប់ ហើយមិនត្រូវយកដងផ្លូវ ចិញ្ចើមផ្លូវទាំងនេះ ជាកន្លែងចំណតឡើយដែលអាចនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ និងដើម្បីលើកតម្កើងសោភ័ណភាព ទីក្រុងរបស់យើងផងដែរ»៕