(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ពេញមួយឆ្នាំ២០១៧ ក្រសួងកសិកម្ម បានបង្ក្រាបបទល្មើសជលផល បទល្មើសព្រៃឈើ បទល្មើសសត្វព្រៃ និងការកាប់រានដីព្រៃ ចំនួនសរុប៥៣៥៣ករណី។
លោកបានថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៧-២០១៨ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៨-២០១៩ នៅរសៀលថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ។
លោក វេង សាខុន បានបញ្ជាក់ថា ក្រសួងកសិកម្មបានបង្ក្រាបបទល្មើសជលផលបានចំនួន ៣,៩២៥ករណី ប្រៀបធៀបឆ្នាំមុនកើនឡើងចំនួន ២៧៥ករណី ក្នុងនោះបានបំផ្លាញចោលវត្ថុតាងចំនួន៣,៧២៣ករណី ពិន័យអន្តរការណ៍ចំនួន១១៦ករណី និងបញ្ជូនទៅតុលាការចំនួន៨៦ករណី។
លោកបានបន្តថា រដ្ឋបាលព្រៃឈើ បានសហការយ៉ាងជិតស្និទ្ធ ជាមួយគណៈកម្មការជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការទប់ស្កាត់ និងបានបង្រ្កាបបទល្មើសព្រៃឈើ សត្វព្រៃ ការកាប់រានដីព្រៃសរុបចំនួន ១,៤២៨ ករណីថយចុះ៦២ករណី ស្មើនឹង៤,១៦% បើប្រៀបធៀបឆ្នាំ២០១៦ មានចំនួន១,៤៩០ករណី ក្នុងនោះសំណុំរឿងបទល្មើសព្រៃឈើ ត្រូវពិន័យអន្តរការណ៍ចំនួន៦៥០ករណី បញ្ជូនទៅតុលាការចំនួន៧៧៨ករណី និងបានដកហូតរណារយន្ដចំនួន៥២គ្រឿងផងដែរ។
លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ចំពោះផ្នែកព្រៃឈើ នៅឆ្នាំ២០១៧នេះ ការអភិវឌ្ឍសហគមន៍ ព្រៃឈើត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដោយក្នុងនោះចំនួនសហគមន៍ព្រៃឈើបានកើនដល់ ៦១០សហគមន៍ ព្រមទាំងបានបណ្តុះកូនឈើចំនួន៤០៨ពាន់ដើម និងបានចែកចាយជូនប្រជាជនសរុបចំនួន៣៣០ពាន់ដើម បានដាំដើមឈើសរុប លើផ្ទៃដីចំនួន ២,២១៩ហិកតា និងបានបង្កើតស្ថានីយដាំឈើ បានចំនួន៥៣កន្លែង លើផ្ទៃដីសរុបចំនួន៤១១ពាន់ហិកតា។
លោកបានឲ្យដឹងទៀតថា ក្រសួងបានធ្វើការផ្សព្វផ្សាយ ច្បាប់ស្តីពីព្រៃឈើ និងលិខិតបទដ្ឋាននានារបស់រាជរដ្ឋាភិបាលចំនួន៥៨លើក មានអ្នកចូលរួម១,៦៦៧នាក់ ក្នុងនោះស្រី៥៣៣នាក់ និងចែកឯកសារពាក់ព័ន្ធចំនួន៣,៦៣១ច្បាប់ ព្រមទាំងចុះពង្រឹងការអនុវត្តច្បាប់ចំនួន១០៨លើកផងដែរ។
បើតាមលោក វេង សាខុន រហូតដល់មកឆ្នាំ២០១៧នេះ រដ្ឋបាលជលផល បានបង្កើតសហគមន៍នេសាទចំនួន ៥១៦សហគមន៍ មានសមាជិកសរុបចំនួន៣៣២ ,១៦៨នាក់ ក្នុងនោះសហគមន៍នេសាទទឹកសាបចំនួន៤៧៥ និងសហគមន៍នេសាទសមុទ្រចំនួន៤១សហគមន៍។ កន្លែងអភិរក្សជលផលសរុប ទូទាំងប្រទេសមានចំនួន៦៤៤កន្លែង ក្នុងនោះបានបង្កើតថ្មីចំនួន៥០កន្លែង និងបង្កើតស្រះជម្រកត្រីសហគមន៍បានចំនួន៨៦៤កន្លែង។
បន្ថែមលើនេះ ផលនេសាទទឹកសាបឆ្នាំ២០១៧ អនុវត្តន៍បានចំនួន៥២៧,៧៩៥តោន (កើន៣.៦២%) ផលនេសាទសមុទ្រអនុវត្តបាន ១២១,០២៥តោន (កើន០.៣៥%) និងការអភិវឌ្ឍវារីវប្បកម្មទាំងទឹកសាប និងសមុទ្រអនុវត្តន៍បានប្រមាណ ២០៧,៤៤៣តោន (កើន២៥.២៥%)។ ទន្ទឹមនឹងនេះ ការកែច្នៃផលនេសាទទឹកសាប និងសមុទ្រសម្រេចបាន៨២,៦០០តោន និងការនាំចេញផលនេសាទស្រស់ និងកែច្នៃអនុវត្តន៍បាន១៣,០០០តោន៕