(ភ្នំពេញ)៖ ដើម្បីឲ្យវិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា មានការអភិវឌ្ឍន៍កាន់តែល្អប្រសើរ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ បានលើកឡើងពីបញ្ហាចំនួន៩ ដែលបច្ចុប្បន្នកម្ពុជាកំពុងតែប្រឈម ចំពោះការអភិវឌ្ឍន៍ទៅលើវិស័យកសិកម្ម។
ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុប ការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៧-២០១៨ និងលើកទិសដៅឆ្នាំ២០១៨-២០១៩ ដែលរៀបចំធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ។
ថ្លែងនៅក្នុងពិធីនោះ រដ្ឋមន្ដ្រីក្រសួងកសិកម្ម បានលើកឡើងថា ជាមួយនឹងសមិទ្ធផល ដែលទទួលបានជាវិជ្ជមានកន្លងមក អង្គសន្និបាតបានកត់សម្គាល់ឃើញថា វិស័យកសិកម្ម នៅជួបបញ្ហាប្រឈមចំនួន៩រួមមាន៖
១៖ សមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធ របស់ការងារស្រាវជ្រាវ និងសេវាផ្សព្វផ្សាយកសិកម្ម នៅមិនទាន់ឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងទីផ្សារឲ្យមានប្រសិទ្ធភាព ខ្ពស់នៅឡើយ។
២៖ ផលិតកម្មដំណាំកសិកម្ម មានកំណើនផលិតភាពទាប ការធ្វើពិពិធកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មនៅមានកម្រិត ព្រមទាំងកង្វះការវិនិយោគលើការកែច្នៃ គុណភាពកសិផល នៅទាប មិនទាន់ឆ្លើយតប តាមតម្រូវការទីផ្សារ ដោយថ្លៃដើមផលិតកម្មខ្ពស់ពិបាកប្រកួតប្រជែង ជាមួយនឹងផលិតផលនាំចូល រួមរួមទាំងការផ្តល់សេវាកម្មស្រោចស្រព និងភ្លើងអគ្គិសនី នៅមានកម្រិតនិងមានតម្លៃខ្ពស់ បើប្រៀបធៀបនឹងប្រទេសជិតខាង។
៣៖ ការនាំចេញកសិផលពុំទាន់បានឆ្លើយតប ទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលមានគោលដៅសំខាន់ពាក់ព័ន្ធ នឹងវិស័យកសិកម្ម គឺត្រូវជំរុញការនាំចេញទំនិញកែច្នៃកសិកម្មឲ្យបាន១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥។
៤៖ កម្លាំងពលកម្មក្នុងវិស័យកសិកម្ម មាននិន្នាការធ្លាក់ចុះ គឺ៤២% នៅឆ្នាំ២០១៧ និងបន្តធ្លាក់ចុះនៅត្រឹម២៩% នៅក្នុងឆ្នាំ២០៣០ ខណៈដែលកម្លាំងពលកម្ម ក្នុងវិស័យឧស្សាហកម្ម មានចំណែកកាន់តែកើនឡើងគួរឲ្យកត់សម្គាល់។
៥៖ ការគ្រប់គ្រង និងការប្រើប្រាស់ដីកសិកម្ម ឲ្យចំគោលដៅ និងសក្តានុពលភាព នៅតាមភូមិសាស្រ្តនីមួយៗ ស្ថិតនៅតែជាបញ្ហា ដែលក្រសួងកំពុងគិតគូរអំពីការកំណត់ តំបន់ដាំដុះឲ្យបានសមស្រប។
៦៖ កិច្ចសហការពីសំណាក់អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់បានរលូននៅឡើយ ក្នុងការទប់ស្កាត់ បទល្មើសព្រៃឈើ និងជលផល ការនាំចេញជ័រ និងឈើកៅស៊ូ មិនទាន់កែច្នៃ ការនាំចូលសត្វ និងសម្ភារកសិកម្មខុសច្បាប់ រួមទាំងការត្រួតពិនិត្យ អនាម័យ និងភូតគាមអនាម័យនៅតាមតំបន់ និងតាមច្រកព្រំដែននៅមានកម្រិត។
៧៖ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដ៏ដូចជាការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និង សេវាសាធារណៈ នៅពុំទាន់បានល្អប្រសើរតាមការរំពឹងទុក។
៨៖ ផលិតកម្មក្នុងស្រុក ពុំទាន់បានបំពេញគ្រប់គ្រាន់ ទៅតាមតម្រូវការ និងមានការនាំចូលបន្ថែម។
៩៖ ការលំបាកក្នុងការរកទីផ្សារ លក់ផលិតផលកសិកម្ម នៅមានចំណុចខ្វះខាតមួយចំនួន ក្នុងការអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យា គួបផ្សំនឹងការប្រែប្រួលរបបពាណិជ្ជកម្ម ដែលតម្រូវ ឲ្យកម្ពុជាពង្រឹងសមត្ថភាពទីផ្សារក្នុងស្រុក និងខិតខំទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីការចូលរួម ក្នុងសមាហរណកម្មសេដ្ឋកិច្ចតំបន់។
លោក វេង សាខុន បានបន្ដទៀតថា ឆ្លើយតបទៅនឹងមូលបញ្ហា ដូចបានរៀបរាប់ខាងលើ គណៈកម្មការរៀបចំអង្គសន្និបាត ក៏បានសម្រេចដាក់ប្រធានបទចំនួន៣ ជូនដល់អង្គសន្និបាត ដើម្បីធ្វើការពិភាក្សាឲ្យបានស៊ីជម្រៅគឺ៖
១៖ ការរៀបចំកសាងផែនការមេ សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មឆ្ពោះ ទៅឆ្នាំ២០៣០។
២៖ ទស្សនវិស័យនៃការស្រាវជ្រាវ អភិវឌ្ឍន៍ និងនវានុវត្តន៍ ក្នុងវិស័យកសិកម្មកម្ពុជា ឆ្ពោះទៅឆ្នាំ២០៣០។
៣៖ ទស្សនទាន និងតម្រូវការធនធានមនុស្ស ក្នុងវិស័យកសិកម្មសម្រាប់រយៈពេល១០ឆ្នាំខាងមុខ៕