(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងថា នៅឆ្នាំ២០១៧ ការជំរុញការចិញ្ចឹមសត្វ ជាផ្នែកមួយសំខាន់ដោយសម្រេចបានកំណើន១.៥៤% បើធៀបនឹងឆ្នាំ២០១៦។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំនួនសត្វសរុបបានកើនពី៤២.១៨លានក្បាលនៅឆ្នាំ២០១៦ ដល់៤២.៨៣លានក្បាល នៅឆ្នាំ២០១៧ ក្នុងនោះគោកើនឡើង ១.៧៦% ក្របីថយចុះ២.៨៤% ជ្រូកកើនឡើង៣.៤៩% និងបក្សីកើនឡើង១.៤៣%។ ដោយឡែក កម្លាំងអូសទាញថយចុះ១១.០៧%។
ការបញ្ជាក់របស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធីបិទសន្និបាត បូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០១៧-២០១៨ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៨-២០១៩ នៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោករដ្ឋមន្ត្រីបានថ្លែងថា «ជាការកត់សម្គាល់កន្លងមក ស្ទើរតែគ្រប់គ្រួសារកសិករបានចិញ្ចឹមសត្វ ក្នុងគោលបំណងផ្គត់ផ្គង់តម្រូវការចាំបាច់ក្នុងគ្រួសារ និងប្រើប្រាស់ជាកម្លាំងអូសទាញ។ ប៉ុន្តែការចិញ្ចឹមក្នុងគោលបំណងបែបនេះ បានផ្លាស់ប្តូរបន្តិចម្តងៗដោយបានប្តូរទិសដៅផលិតកម្ម សម្រាប់តែតម្រូវការក្នុងគ្រួសារ ទៅជាការចិញ្ចឹមសម្រាប់ធ្វើពាណិជ្ជកម្ម។ ការផ្លាស់ប្តូរបែបផែនផលិតកម្មនេះ បានកើនឡើងជាលំដាប់ ជាក់ស្តែងក្នុងឆ្នាំ២០១៧នេះ ការចិញ្ចឹមជ្រូកជាលក្ខណៈពាណិជ្ជកម្មមានចំនួន ៧៤២,៧៧១ក្បាល បានកើន២៤% ច្រើនជាងឆ្នាំ២០១៦»។
លោក វេង សាខុន បានថ្លែងថា សម្រាប់ផលិតកម្មបក្សីជាលក្ខណៈពាណិជ្ជកម្ម មានការកើនឡើងចំនួន៣.៦% ដោយអ្នកចិញ្ចឹមមានការផ្លាស់ប្តូរឥរិយាបថ ពីការចិញ្ចឹមតាមបែបធម្មជាតិ មកចិញ្ចឹមតាមបែបពាណិជ្ជកម្ម ដែលធ្វើឱ្យមានកំណើនប្រាក់ចំណូលខ្ពស់។
លោកថា យន្តការគន្លឹះដែលត្រូវបន្តយកចិត្តទុកដាក់ ជំរុញការអភិវឌ្ឍនោះគឺ ការលើកទឹកចិត្តវិស័យឯកជន ក្នុងការបង្កើតកសិកដ្ឋានចិញ្ចឹមសត្វទំនើប អភិវឌ្ឍបច្ចេកទេសកែច្នៃបសុសត្វ ស្របតាមស្តង់ដារជាតិ-អន្តរជាតិ ការផ្សារភ្ជាប់រវាងក្រុមអ្នកផលិតជាមួយ អ្នកប្រមូលទិញតាមយន្តការ «ផលិតកម្មកសិកម្មតាមកិច្ចសន្យា» ដើម្បីធានាការផ្គត់ផ្គង់សត្វ សាច់សត្វប្រកបដោយនិរន្តរភាព៕