(ពោធិ៍សាត់)៖ បន្ទាប់ពីទទួលបានព័ត៌មានថា មានបទល្មើសកាប់បំផ្លាញព្រៃឈើសហគមន៍ លោក ហេង សុភាណា ប្រធានគណៈបញ្ជាការឯកភាពស្រុកវាលវែង បានដឹកនាំកម្លាំងចុះប្រតិបត្តិការ បង្រ្កាបបានក្រុមជនសង្ស័យចំនួន១០នាក់ ខណៈកំពុងលួចដឹកជញ្ជូនឈើក្រហមស្រឡៅមូល តាមដងផ្លូវជាតិ៥៥ ពីភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
លោក ហេង សុភាណា បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨នេះថា ប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង១៖១៥នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចកូនភ្នំ មុខអធិការដ្ឋាននគរបាលស្រុកវាលវែង។
ជនសសង្ស័យ ដែលមន្ត្រីជំនាញឃាត់ខ្លួនបានរួមមានទី១៖ ថេង ពេវ អាយុ២៥ឆ្នាំ (ម្ចាស់គោយន្ត), ទី២៖ ឌឿន ឧត្តម អាយុ ២៥ឆ្នាំ (អ្នកមកជាមួយ) រស់នៅភូមិ ដុំខ្វិត ឃុំវាលពន្ធ ស្រុក ថ្ពង ខេត្តកំពង់ស្ពឺ, ទី៣៖ ចិន ជី អាយុ៤៦ ឆ្នាំ (ម្ចាស់គោយន្ត), ទី៖ ឈុន កុសល អាយុ៣៧ឆ្នាំ (អ្នកមកជាមួយ) រស់នៅភូមិ តាំងបន្ទាយ ឃុំវាលពន្ធ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ, ទី៥៖ ជឿន ចន្ធូ អាយុ១៩ឆ្នាំ (អ្នកមកជាមួយ) រស់នៅភូមិសំរោង ឃុំមនោរម្យ ស្រុកថ្ពង ខេត្ត កំពង់ស្ពឺ, ទី៦៖ ឡាយ ឡុង អាយុ៣៨ឆ្នាំ (ជាម្ចាស់គោយន្ត), ទី៧៖ វ៉ាន់ រឿន អាយុ ៤៩ឆ្នាំ (ម្ចាស់គោយន្ត), ទី៨៖ រឿន រដ្ឋា អាយុ១៥ឆ្នាំ (អ្នកមកជាមួយ), ទី៩៖ រឿន រ៉ាត់ អាយុ២៧ឆ្នាំ (ជាម្ចាស់គោយន្ត) និងទី១០៖ វឿន ឧត្តម អាយុ៣២ឆ្នាំ រស់នៅភូមិត្រពាំងចំបក ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
លោក ហេង សុភាណា បានបន្តទៀតថា សម្ភារដកហូតបានរួមមាន៖ គោយន្តកន្ត្រៃយ៍ចំនួន០៦គ្រឿង ពណ៌ក្រហម, ពូថៅដែ ដងឈើវែងចំនួន៦, ឈើក្រហម ភេទប្រឡៅមូលចំនួន៣៦ដើម (ប្រវែងពី៦ម៉ែត្រទៅ៩ម៉ែត្រ)។
សូមបញ្ជាក់ថា ក្រុមជនសង្ស័យទាំងនោះ បានប្រព្រឹត្តល្មើសកាប់បំផ្លាញព្រៃឈើ ក្នុងព្រៃសហគមន៍ ភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ហើយត្រូវបានលោក ហេង សុភាណា បានណែនាំអប់រំឱ្យត្រឡប់នៅលំនៅដ្ឋានវិញ តែជនទាំងនោះ មិនស្តាប់តាមការណែនាំ នឹងបន្តសកម្មភាពល្មើសរហូតដល់មានការចាប់បង្ក្រាបខាងលើ។
ចំពោះជនសង្ស័យទាំង១០នាក់ខាងលើ ត្រូវបានឱ្យត្រលប់ទៅលំនៅដ្ឋានវិញ បន្ទាប់ពីសមត្ថកិច្ចអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សម្មភាពល្មើស ព្រមទាំងបានប្រគល់គោយន្តទាំង០៦គ្រឿង, ពូថៅចំនួន៦ ឱ្យម្ចាស់កម្មសិទ្ធិវិញ តាមការអនុញ្ញាតិពីលោកអភិបាលស្រុក រីឯឈើប្រឡៅមូល ចំនួន៣៦ដើមនោះ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការបន្តតាមនីតិវិធី៕