(កោះកុង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ រៀបចំពិធីអបអរសាទរ ខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨​ឧសភា ​ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នា» ក្នុងនោះ ប្រមូលថវិកាពីសប្បុរសជនបាន៧២,៥៤៥ដុល្លារ។

​ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី មិថុនា ភូថង អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរកងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន សិស្សានុសិស្ស ប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោក​ស្រី មិថុនា ភូថង បានថ្លែងអំណរគុណ​ដល់សប្បរសជនដែលបានចូលរួម និងបានបញ្ជាក់ថា ​សម្រាប់សាខាខេត្តកោះកុង​ ដែលរៀបចំអង្គមិទ្ទីញកាកបាទក្រហម អឌ្ឍច័ន្ទក្រហម​នេះឡើង ​បានគៀងគរថវិកាពី​សប្បុរសជននានា​ទាំងក្នុង និងក្រៅខេត្ត សរុបប្រមាណ​៧២,៥៤៥ដុល្លារ សម្រាប់ជួយដល់ជនក្រីក្រ ឬជនរងគ្រោះ និងជនងាយរងគ្រោះ ក្នុងករណីកើតគ្រោះមហន្ត រាយផ្សេងៗ។

លោកស្រីអភិបាលខេត្ត ក៏បានណែនាំដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ត្រូវប្រើប្រាស់ថវិកាឲ្យចំគោលដៅ គឺត្រូវចែកអំណោយជូនឲ្យដល់ដៃ អ្នកដែលក្សត់ខ្សោយ ទីទាល់ក្រ អ្នកអត់ អ្នកឃ្លានពិតប្រាកដ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍ ពណ៌សម្បុរឡើយ។

លោកស្រីបានបន្តថា ការចូលរួមពីសំណាក់សប្បុរសជននានា ក្នុងការជួយចែករំលែក ថវិកាដល់កាកបាទក្រហម គឺជាទង្វើមួយល្អប្រសើរក្នុងការលើកទឹកចិត្ត ស្រោចស្រង់ដល់អ្នកដែលមានភាពខ្វះខាត ខ្សត់ខ្យោយ គ្មានទីពឹង អ្នករងគ្រោះ និងអ្នកងាយរងគ្រោះ ព្រោះពូកគេត្រូវការភាពកក់ក្តៅ និងការយកចិត្តទុកដាក់ខ្លាំងបំផុត​៕