(បន្ទាយមានជ័យ)៖ បន្ទាប់ពីទឹកជំនន់ហូរធ្លាក់ពីប្រទេសថៃ ចូលមកដល់ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ អស់រយៈពេល៦ម៉ោង ដែលបណ្តាលឱ្យជនលិចផ្ទៃដីកសិកម្មស្ទើរទូទាំងស្រុក នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨នេះ បានស្រកអស់វិញហើយ ដោយសារបង្ហូចូលអាងស្តុបទឹកខាងក្រោម។
លោក យឹម ប៊ុនរ៉ុង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២ ខែឧសភា នេះថា នៅពេលនេះ ម៉ោងនេះ ទឹកទាំងអស់នោះបានស្រកវិញទាំងស្រុងហើយ ក៏ប៉ុន្តែទឹកដែលធ្លាក់មកនោះ វាបានផ្តល់ប្រយោជន៍ ជាច្រើនសម្រាប់ប្រជាពលរដ្ឋ ប្រជាកសិករយើងខាងក្រោមបានច្រើនណាស់។
លោក យឹម ប៊ុនរ៉ុង បានបន្តថា ទឹកជំនន់មួយភ្លេតនោះ គឺដោយសារតែយើងមានអាំងស្តុបទឹក និងជួសជុលផ្នែកខាងក្រោម នៅក្នុងស្រុកថ្មពួក រួមមាន៖ អាំងគោកព្រិច, អាំងស្រែល្អ, អាំងតេម៉េង និងអាំងក្រោមៗថែមទៀត គឺថាអីឡូវ ពេលទឹកទាំងអស់នោះ បានហូរពេញអាំងខាងក្រោម ពេញទាំងអស់តែម្តង។
លោកបានបញ្ជាក់ថា ទឹកក្នុងអាំងខាងលើនេះ អាចបម្រើឱ្យប្រជាកសិករខ្មែរយើង បានច្រើនណាស់សម្រាប់ធ្វើស្រែធ្វើចំការ និងប្រើប្រាស់ផ្សេងៗទៀត ក្នុងដើមរដូវនេះ ហើយនេះជាទីមួយ។ ជាមួយគ្នានេះ នៅពេលជំនន់មួយភ្លែត បើយើងនិយាយទៅវាគ្មានការប៉ះពាល់ អីដល់ប្រជាពលរដ្ឋ ប្រជាកសិករឡើយ គ្រាន់តែប៉ះពាល់ដំណាំដំឡូងបន្តិចបន្តួចប៉ុណ្ណោះ ដែលប្រជាកសិករ បានដាំក៏ប៉ុន្តែទឹកជំនន់ ទាំងអស់នោះ បានស្រកទៅវិញហើយ។
លោកបន្ថែមទៀតថា ប្រភពទឹកជំនន់នេះគឺហូរមកពីប្រទេសថៃ ហូរតាមអូការប៉ុត ស្រកទឹកមែនទែនអស់ហើយ ឈប់ព្រួយបារម្ភទៀតអី៕