(កណ្តាល)៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ មកពីឃុំចំនួន៣ ដែលមានដីស្រូវប្រាំងនៅតំបន់ទំនប់៩២ និង៩៤ ហើយធ្លាប់មានទំនាស់ជាមួយក្រុមមីនញូ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨នេះ បាននាំគ្នាមកមើល ខណៈដែលតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល និងអភិបាលរងខេត្តកណ្តាល លោក គឹម រិទ្ធី បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ នាំយកដីការបស់តុលាការកំពូល ទៅវាស់វែងព្រំដីក្រុមហ៊ុន មីនញូ ខ្លាចថា ការអនុវត្តរបស់អាជ្ញាធរមានការប៉ះពាល់ដល់ដីរបស់ពួកគាត់។

ក្រោយពីហៅបងប្អូនប្រជាពលរដ្ឋ ជួបជុំគ្នានៅក្នុងភូមិអូរបេះ ឃុំជើងកើប ស្រុកកណ្តាលស្ទឹងនោះ លោក គឹម រិទ្ធី បានពន្យល់ដល់ពលរដ្ឋទាំង២៩២គ្រួសារថា ការចុះមកនេះ គឹគ្រាន់តែ សម្របសម្រួល និងបង្ហាញព្រំដីរបស់ក្រុមហ៊ុន ឲ្យប្រជាពលរដ្ឋបានដឹង ហើយបើសិនជាមានជាប់ពាក់ព័ន្ធសូមធ្វើការតវ៉ា។ ក្រោយមកតំណាងសាលាខេត្ត កណ្តាលបានអានសាលដីការបស់សាលាកំពូល ជូនប្រជាពលរដ្ឋស្តាប់ ដោយមានការចូលរួមពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល មន្ទីរពាក់ព័ន្ធនានា និងកម្លាំងប្រដាប់អាវុធចូលរួមផងដែរ ហើយបានលើកប្លង់បង្ហាញ ជូនបងប្អូន ប្រជាពលរដ្ឋបានពិនិត្យផងដែរ។

សូមបញ្ជាក់ថា ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនមីនញូ ត្រូវបានសាលាដំបូងខេត្តកណ្តាល កាត់ឲ្យប្រជាពលរដ្ឋទាំង២៩២គ្រួសារ ជាអ្នកឈ្នះ កាលពីឆ្នាំ២០០៦ តែដល់ឆ្នាំ២០១៤ ស្រាប់មានសាលដីការបស់កំពូលចេញ​មក ដោយជាន់ទៅលើដីរបស់ពួកគាត់ ទើបពួកគាត់នាំគ្នាធ្វើការតវ៉ា។ រហូតមកដល់ព្រឹកថ្ងៃទី២ ខែឧសភាមេះ ពួកគាត់បានទទួលដំណឹងថា មានកម្លាំងចម្រុះចុះអនុវត្តសាលដីកា នៅចំណុចទំនប់៩២ និង៩៤ ទើបពួកគាត់នាំគ្នាមកមើល ក្រែងជាន់លើដីពួកគាត់ ប៉ុន្តែតំណាងកម្លាំងចម្រុះជាច្រើន បានពន្យល់ហើយអះអាងប្រាប់ពលរដ្ឋថា មិនពាក់ព័ន្ធលើដីបងប្អូននោះទេ។

លោក ប៉ុល សុធី តំណាងប្រជាពលរដ្ឋទាំង២៩២គ្រួសារ បានប្រាប់អ្នកយកព័ត៌មានថា ពលរដ្ឋទាំង២៩២គ្រួសារ មិនទទួលស្គាល់សាលដីការបស់សាលាកំពូលនោះទេ។ ពួកគាត់ទទួលស្គាល់ តែសាលក្រមរបស់សាលាដំបូងខេត្តកណ្តាលប៉ុណ្ណោះ ដែលបានចេញជូនពួកគាត់នៅឆ្នាំ២០០៦ ចំណែកក្រុមមីនញូ មិនដឹងជាប្តឹងប្តល់ជាមួយខាងណានោះទេ ព្រោះពលរដ្ឋ មិនដែលមានរឿងជាមួយក្រុមហ៊ុននេះទេ។

ប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ សែម មាស រស់នៅក្នុងឃុំកណ្តោក បាននិយាយថា គាត់មកនោះ គឺខ្លាចគេអនុវត្តរំលោភយកដីគាត់ ព្រោះគាត់មានតែដី១ដុំនេះទុកគ្រាន់ធ្វើស្រែយកស្រូវហូប ហើយដីនេះ ជាដីតាំងពីកេរ្តិ៍ដូនតារបស់គាត់មកម្ល៉េះ ហើយបើសិនជាក្រុមហ៊ុនណាមករំលោភយកនោះ ហាក់បីដូចជា សម្លាប់គ្រួសារពួកគាត់ដាច់ពោះស្លាប់ជាក់ជាមិនខាន ក៏មិនមែនតែគាត់ម្នាក់ទេ ដែលជួបបញ្ហាដាច់ពោះស្លាប់បែបនេះ អ្នកផ្សេងទៀតក៏ មានបញ្ហាដូចគាត់ផងដែរ៕

\