(ភ្នំពេញ)៖ ក្នុងជំនួបរវាង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោកស្រី Carin Salerno នាយិកាទីភ្នាក់ងារស្វីស ដើម្បីការអភិវឌ្ឍ និងសហប្រតិបត្តិការ Swiss Agency for Developmet and Cooperation(SDC) នៃក្រសួងការបរទេសស្វីស នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងទេសចរណ៍ លោករដ្ឋមន្ត្រី ថោង ខុន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីស ដែលបានជួយអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការអភិវឌ្ឍនធនធានមនុស្ស ជំនាញទេសចរណ៍ដល់យុវជនកម្ពុជា នាពេលកន្លងមក នៅខេត្តភូមិភាគឥសាន្តរួមមាន ខេត្តក្រចេះ ស្ទឹងត្រែង និងព្រះវិហារ ហើយបានសំណូមពរដល់រដ្ឋាភិបាលស្វីស ជួយបន្តគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍កម្ពុជា តាមទស្សនទាន «ស្អាត និងបៃតង»។

ក្នុងនោះរួមមានយុទ្ធសាស្ត្រអាទិភាពចំនួន០៤៖
* ការបង្កើតផលិតផលថ្មី ប្រកបដោយភាពច្នៃប្រឌិត និងបង្កើតថ្មី
* បង្កើនគុណភាពសេវាកម្ម តាមរយៈការអនុវត្តយុទ្ធសាស្ត្រ «ស្តង់ដាមួយ សេវាមួយ»
* ការអភិវឌ្ឍធនធានមនុស្ស សម្រេចឱ្យបាននូវយុទ្ធសាស្ត្រ «បុគ្គលិកម្នាក់ ជំនាញមួយ»
* ការផ្សព្វផ្សាយទេសចរណ៍កម្ពុជាតាមប្រព័ន្ធព័ត៌មានវិទ្យា «E-Tourism and Digital Tourism»។

ជាការឆ្លើយតប លោកស្រី Carin Salerno បានទទួលយកសំណើរបស់លោករដ្ឋមន្ត្រី បន្តអភិវឌ្ឍធនធានមនុស្សតទៅទៀត និងទទួលយកសំណើថ្មីៗទៅដាក់បញ្ចូលក្នុងគម្រោងនៃកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា នាពេលខាងមុខ ក្នុងនោះរួមមានផងដែរ៖ ការគ្រប់គ្រងកាកសំណល់ ដូចជាប្លាស្ទិកតាមគោលដៅសហគមន៍ទេសចរណ៍ ដោយការប្រើប្រាស់វត្ថុធាតុដើមធម្មជាតិដូចជា ស្លឹកចេក ស្លឹកឈូក ល្ពាក់ ផ្ដៅ ធ្វើជាវត្ថុវេចខ្ចប់ជំនួសថង់ប្លាស្ទិក។ល។

លោកស្រី ក៏បានឯកភាពចូលរួមសហការរៀបចំឱ្យមានសណ្តាប់អនាម័យ ម្ហូបអាហារតាមដងផ្លូវ (Food Street) គ្មានថង់ប្លាស្ទិក ដែលជាការចូលរួមអនុវត្តទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ក្នុងការជំរុញទេសចរណ៍ម្ហូបអាហារ (Gastronomy Tourism)។

ទន្ទឹមនឹងនោះដែរ លោកស្រី នឹងចុះពិនិត្យ ដើម្បីជួយគាំទ្រសាលាបណ្តុះបណ្តាល វិជ្ជាជីវៈ ដែលលោករដ្ឋមន្ត្រី បង្កើតឡើង ក្នុងស្រុកកំណើតរបស់លោករដ្ឋមន្ត្រី សម្រាប់អប់រំបណ្តុះបណ្តាលជំនាញកសិកម្ម សេវាកម្មភោជនីយដ្ឋាន និងជំនាញព័ត៌មានវិទ្យា ដល់ប្រជាពលរដ្ឋ និងយុវជនក្មេងៗ នៅឃុំបារាយណ៍ ស្រុកបារាយណ៍ ក៏ដូចជាជួយពិនិត្យលើផែនការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ នៅខេត្តកំពង់ធំផងដែរ។

សូមរំលឹកផងដែរថា ការអនុវត្តនូវយុទ្ធសាស្ត្រ «បុគ្គលិកម្នាក់ ជំនាញមួយ» ក្រសួងទេសចរណ៍បានដាក់ចុះ នូវបង្គោលចរចំនួន៣ រួមមាន៖

១៖ ត្រឹមឆ្នាំ ២០២០ អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ យ៉ាងតិច ៥០% ត្រូវទទួលបានការបណ្តុះបណ្តាលជំនាញស្តង់ដាជាតិ និងអាស៊ាន
២៖ ត្រឹមឆ្នាំ ២០២៥ អ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ យ៉ាងតិច ១០០% ត្រូវទទួលបានការបណ្តុះបណ្តាលជំនាញស្តង់ដាជាតិ និងអាស៊ាន
៣៖ ត្រឹមឆ្នាំ២០៣០ នឹងសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព SDG4 «ការសិក្សាពេញមួយជីវិត និង SDG8 កាងារសមរម្យ និងផលិតភាពខ្ពស់»៕