Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ដាច់ភ្លើងនៅតំបន់មួយចំនួន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយសារក្រុមហ៊ុន MGHA ជីកដីប៉ះខ្សែភ្លើង, ក្រុមបច្ចេកទេសអគ្គិសនីកម្ពុជា បានភ្ជាប់ជូនអតិថិជន ឡើងវិញហើយ

02-05-2018 15:03

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា នៅវេលាម៉ោង១២៖១៣នាទីថ្ងៃត្រង់នេះ មានករណីដាច់ចរន្តអគ្គិសនី ពីរោងចក្រទី២ (C2-F3) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតាមបណ្តោយផ្លូវជាតិលេខ២ ចាប់ពីគល់ស្ពានអាកាសក្បាលថ្នល់ រហូតដល់វត្តចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

បើតាមអគ្គិសនីកម្ពុជា បានបញ្ជាក់ថា មូលហេតុដោយសារតែមានក្រុមហ៊ុន MGHA បានយកអេស្កាវ៉ាទ័រធ្វើផ្លូវចូលក្រុមហ៊ុន បណ្ដាលឲ្យផុងសង្កត់លើ ខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដី។

រហូតមកដល់ពេលនេះ ក្រុមការងារបច្ចេកទេស បានធ្វើការប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញហើយ នៅវេលាម៉ោង១៣៖០៥ នាទីរសៀលនេះ។

អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លង ខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។

ជាមួយគ្នានេះ អគ្គិសនីកម្ពុជា ក៏សូមការយោគយល់ និងការអធ្យាស្រ័យ ចំពោះ​ការដាច់ចរន្តអគ្គិសនីនេះ ពីសំណាក់អថិតិជនរបស់ខ្លួនផងដែរ៕