(ឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៨នេះ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានចុះពិនិត្យមើលដំណើរការ ការធ្វើប័ណ្ណឆ្លងព្រំដែន នៅអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដោយពិនិត្យឃើញថា ការធ្វើប័ណ្ណនេះ មិនអាចឆ្លើយតបនឹងតម្រូវការ របស់ប្រជាពលរដ្ឋបាន លោកក៏ស្នើឲ្យមន្ត្រីជំនាញពន្លឿន ធ្វើឲ្យបានលឿនជាមុន ដើម្បីធ្វើយ៉ាងណាឲ្យបានទាន់នឹង តម្រូវការរបស់ប្រជាពលរដ្ឋ។
លោក ស ថាវី បានបញ្ជាក់ថា ចាប់ពីដើមខែមករា ឆ្នាំ២០១៨ មកប័ណ្ណព្រំដែនថ្មី ត្រូវធ្វើនៅសាលាខេត្តឧត្តរមានជ័យវិញ ហើយប័ណ្ណនេះមានតម្លៃតែ២០០០០រៀលទេ អាចប្រើបានរយៈពេល២ឆ្នាំ និងអាចចេញចូលតាមច្រកទាំង៣ ក្នុងខេត្តឧត្តរមានជ័យបាន លើសពីនេះទៀតនោះអាចដើរបាន៣ខេត្ត ក្នុងប្រទេសថៃ រួមមានខេត្តបុរីរាំ ខេត្តសុរិន្ទ និងខេត្តស៊ីសាកេត។
លោកបានឲ្យដឹងទៀតថា ប័ណ្ណព្រំដែនថ្មីនេះ គឺធ្វើបានសម្រាប់តែប្រជាពលរដ្ឋ ដែលរស់នៅអចិន្ត្រៃយ៍ ក្នុងខេត្តឧត្តរមានជ័យតែប៉ុណ្ណោះហើយ ចំពោះអ្នកដែលមិនមានទីលំនៅអចិន្ត្រៃយ៍ ក្នុងខេត្តឧត្តរមានជ័យ គឺមិនអាចធ្វើបានទេ។ ចំពោះបែបបទ ក្នុងការធ្វើប័ណ្ណព្រំដែនថ្មីនេះ គឺតម្រូវឲ្យមានរូបថត៤គុណ៦ចំនួន២សន្លឹក អត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ដែលបញ្ជាក់ពីទីលំនៅ ក្នុងខេត្តឧត្តរមានជ័យ។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា មន្ត្រីជំនាញទាំងត្រូវប្រឹងប្រែង ធ្វើជូនប្រជាពរដ្ឋឲ្យបានលឿនជាមុនៗ កុំឲ្យប្រជាពរដ្ឋថ្នាំងថ្នាក់ចិត្តឡើយ អ្វីដែលពិសេសទៀតនោះ ត្រូវតែជួយសម្រួលការណែនាំ ដល់ពួកគាត់ឲ្យងាយយល់ មិនត្រូវប្រើពាក្យសំដីអសុរោះនោះឡើយ។
សូមបញ្ជាក់ ប័ណ្ណព្រំដែនថ្មីនេះ គឺយើងអាចឆ្លងកាត់បាន៣ច្រកមែន ប៉ុន្តែច្រកជប់គគីរ នៅក្នុងស្រុកបន្ទាយអំពិល យើងមិនទាន់ឆ្លងកាត់បានទេ ដោយសារច្រកជប់គគីរនេះ មិនទាន់សមត្ថកិច្ចជំនាញទាំងខ្មែរ និងថៃ ត្រួតពិនិត្យឲ្យបានត្រឹមត្រូវនោះទេ ដូច្នេះយើងអាចឆ្លងបានតែ២ច្រកទេ គឺច្រកអន្តរជាតិអូរស្មាច់ និងច្រកអន្តរជាតិជាំសាង៉ាំ តែប៉ុណ្ណោះ ៕