(ភ្នំពេញ)៖ ក្រុមហ៊ុនដ៏ធំមួយរបស់សិង្ហបុរី Oxley-Emerald សហការជាមួយក្រុមហ៊ុនក្នុងស្រុក Worldbridgeland បោះទុនវិនិយោគ១០០លានដុល្លារ អភិវឌ្ឍន៍គម្រោងផ្ទះលំហែកាយ ដែលមានឈ្មោះថា «The Palms»។
ការបើកដំណើរការបុកគ្រឹះសាងសង់ថ្មីនេះ ធ្វើឡើងក្រោមការចូលរួមពីសំណាក់លោក ជា សុផារ៉ា ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។
គម្រោង The Palms មានទីតាំងស្ថិតនៅក្នុងភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ការបង្កើតឲ្យមានគម្រោងថ្មីមួយនេះសបញ្ជាក់ថា កម្ពុជាបានបន្ដ និងផ្សាភ្ជាប់ទំនាក់ទំនងដ៏ល្អរវាងក្រុមហ៊ុនឯកជនក្នុងស្រុក និងក្រៅស្រុក រួមទាំងលើវិស័យឧស្សហកម្មសំណង់ជាច្រើនទៀតផង។
លោក សៀ ឬទ្ធី អគ្គនាយក្រុមហ៊ុន Worldbridgeland បានថ្លែងឲ្យដឹងថា «គម្រោងអភិវឌ្ឍន៍ The Palms Project បានសហការជាមួយនឹងក្រុមហ៊ុន Worldbridgeland ក្នុងស្រុកមួយ ដែលបានចំណាយទុនវិនិយោគចំនួន១០០លានដុល្លារ សាងសង់លើផ្ទៃដីប្រមាណ៣៧,៦៨៩ម៉ែត្រការ៉េ»។
លោកបានបញ្ជាក់ទៀតថា គម្រោងនេះមានចែកចេញជាច្រើនដូចជា៖ អាគារប្រភេទវិឡាកូនកាត់, អាគារភូមិគ្រឹះបែបលំហែកាយប្រភេទ V1 ភូមិគ្រឹះប្រភេទ V2 , ភូមិគ្រឹះប្រភេទ V3, ភូមិគ្រឹះប្រភេទV4 ចំណត់យានយន្ដ, កន្លែងកំសាន្ដ សួនច្បារ កន្លែងហាត់ប្រាណ អាងហែលទឹក សួនកុមារ ផែចំណតម៉ូតូទឹក និងនាវាកំសាន្ដខ្នាតតូច ឆ្នេរទន្លេលំហែកាយ និងអាហារដ្ឋានជាដើម។
លោក ជា សុផារ៉ា បានឲ្យដឹងដែរថា គម្រោង The Palms ពិតជារួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា ទៅលើវិស័យលំនៅដ្ឋាន។
លោកថា នៅក្នុងឆ្នាំ២០១៧ ការបោះទុនវិនិយោគលើវិស័យសំណង់នៅកម្ពុជា មានទឹកប្រាក់ប្រមាណ៦,៤០០លានដុល្លារ កើនឡើង២១.៨៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ ដែលមានត្រឹមតែ៥,៥៧៩លានដុល្លារ ហើយគម្រោងទាំងនេះ បានផ្ដល់ការងារទៅដល់យុវជនចំនួន២៦ម៉ឺននាក់ទៀតផង៕