(ព្រៃវែង)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ បានអញើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រមាណជាង៤០០នាក់ នៅឃុំជាច ស្រុកកំចាយមា ខេត្តព្រៃវែង។

ថ្លែងក្នុងឱកាសនោះ រដ្ឋមន្ត្រី វង សូត បានលើកឡើងថា ប្រទេសជាតិដែលបាន និងកំពុងមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍជាតិលើគ្រប់វិស័យនេះ ពុំមែនកើតឡើងដោយចៃដន្យនោះទេ គឺជាការខិតខំប្រឹងប្រែងពលីបូជាគ្រប់បែបយ៉ាង របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចទាំង៣ ជាប្រមុខដឹកនាំ គឺសម្ដេច ហេង សំរិន, សម្ដេច ជា ស៊ីម និងសម្ដេច ហ៊ុន សែន រួមជាមួយឥស្សរជនជាច្រើនរូបទៀត ហើយគ្រប់ពេលវេលា រាជរដ្ឋាភិបាល តែងតែនៅជិតជាមួយប្រជាជនកើតឡើង ដោយប្រជាជនបម្រើប្រជាជន ដើម្បីប្រជាជន និងរួមសុខរួមទុក្ខ ជាមួយប្រជាជនជានិច្ច។

រដ្ឋមន្ត្រី វង សូត បានអំពាវនាវដល់ប្រជាពលរដ្ឋជៀសឲ្យឆ្ងាយពីក្រុមចលនាបដិវត្តពណ៌ ដែល មានបំណងបំផ្លិចបំផ្លាញ ប្រទេសជាតិ ញុះញង់លាបពណ៌ បំបែកបំបាក់ជាតិ បង្ខូចកិត្តិយសនិងទប់ស្កាត់ការអភិវឌ្ឍជាតិសំដៅធ្វើយ៉ាងណា បំពេញមហិច្ឆតាអំណាចរបស់ខ្លួន និងបក្សពួករបស់ខ្លួនតែប៉ុណ្ណោះ៕