(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំបើកវគ្គបណ្តុះបណ្តាលចំណេះដឹងជាមូលដ្ឋានវិជ្ជាជីវៈមន្ត្រីអ្នកនាំពាក្យស្ថាប័នរដ្ឋដល់ថ្នាក់ដឹកនាំ និងមន្ត្រីចំនួន៧០រូប តំណាងឱ្យ៣៣ក្រសួង និងស្ថាប័នថ្នាក់ជាតិ ក្រោមអធិបតីភាព លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី។
នេះជាវគ្គបណ្តុះបណ្តាលជំហានទី១ ហើយដែលជំហានបន្ទាប់នឹងរៀបចំនៅថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ខាងមុខ ដោយគ្រូជំនាញៗ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ លើកិច្ចការងារព័ត៌មាន និងនាំពាក្យ ដែលនឹងចែករម្លែកចំណេះដឹងដល់ មន្ត្រីអ្នកនាំពាក្យតំណាងក្រសួងស្ថាប័នរដ្ឋរបស់កម្ពុជា ដើម្បីបំពេញការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈខ្ពស់។
បទបង្ហាញដែលបានធ្វើឡើងក្រោម ប្រធានបទសំខាន់ៗចំនួន៤ រួមមាន៖ ទី១៖វិធីសាស្ត្ររបស់អ្នកនាំពាក្យ ទី២៖ចិត្តសាស្ត្រមនុស្ស និងព័ត៌មាន ទី៣៖ តួនាទី និងការទទួលខុសត្រូវរបស់ប្រភពព័ត៌មាន និងទី៤៖ ប្រសិទ្ធភាពនៃការឆ្លើយតបរបស់ មន្ត្រីអ្នកនាំពាក្យទៅកាន់អ្នកសារព័ត៌មាន ដែលចែករម្លែកបទពិសោធន៍ដោយ លោក ហ៊ុយ វណ្ណៈ, លោក ប៉ែន បូណា, លោក សោម សត្តនា និងលោក នេត្រ ភក្ត្រា ដែលសុទ្ធសឹងតែជាអ្នកសារព័ត៌មាន និងអ្នកនាំពាក្យដែលមានបទពិសោធន៍ នៅក្នុងវិស័យព័ត៌មាន និងទំនាក់ទំនងជាមួយបណ្តាញផ្សព្វផ្សាយព័ត៌មាន។
លោក ស្វាយ ស៊ីថា ក្នុងនាមលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា តួនាទីរបស់មន្ត្រីអ្នកនាំពាក្យស្ថាប័នរដ្ឋ មានសារៈសំខាន់ខ្លាំងណាស់ គឺមិនត្រឹមតែជានិមិត្តរូប ឬជាស្ពានចម្លងព័ត៌មានពិត ផ្លូវការរបស់ស្ថាប័ននីមួយៗទៅកាន់អ្នកសារព័ត៌មាន និងសាធារណមតិប៉ុណ្ណោះទេ ថែមទាំងជាអ្នកការពាររាជរដ្ឋាភិបាល និងចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាព បូរណភាពទឹកដី ឯករាជ្យ និងការឯកភាពភាពជាតិផងដែរ។
លោកបានបញ្ជាក់បន្ថែមថា គោលបំណងសំខាន់ នៃការរៀបចំបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីអ្នកនាំពាក្យនេះឡើង គឺដើម្បីឱ្យមន្ត្រីអ្នកនាំពាក្យស្ថាប័នរដ្ឋ បានទទួលនូវបទពិសោធន៍បន្ថែមពីគ្រូជំនាញ ដែលមានវិជ្ជាជីវៈសារព័ត៌មាន និងអ្នកនាំពាក្យ ក្នុងការផ្តល់ព័ត៌មានឱ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់ដល់អ្នកសារព័ត៌មានទទួលយកទៅផ្សព្វផ្សាយនូវសមិទ្ធផលជាច្រើន ដែលបណ្តាក្រសួង ស្ថាប័ននីមួយៗសម្រេចបានជូនប្រជាពលរដ្ឋបានដឹងនូវការពិត និងក៏ដើម្បីកុំប្រជាពលរដ្ឋយល់ច្រឡំ តាមការផ្សព្វផ្សាយបោកប្រាស់ និងបំពុលព័ត៌មានដោយក្រុមប្រឆាំង ជាពិសេស ការកើនឡើងនៃព័ត៌មានក្លែងក្លាយ FAKE NEWS ផងដែរ។
ដើម្បីប្រសិទ្ធភាពខ្ពស់លើកិច្ចការងារនាំពាក្យ លោក ស្វាយ ស៊ីថា បានជំរុញ និងលើកទឹកចិត្តឱ្យមន្ត្រីអ្នកនាំពាក្យស្ថាប័នរដ្ឋទាំងអស់ ត្រូវបង្កើនទំនាក់ទំនង និងកិច្ចសហការឱ្យបានល្អជាទីបំផុតជាមួយអ្នកសារព័ត៌មាន និងត្រូវស្វែងយល់ពីតម្រូវការ ថា តើអ្នកសារព័ត៌មាន ត្រូវការអ្វីខ្លះពីអ្នកនាំពាក្យ ហើយមន្ត្រីអ្នកនាំពាក្យត្រូវមានចំណេះដឹង និងផ្តល់ជូនដល់អ្នកកាសែតវិញនូវអ្វីខ្លះ ដើម្បីជាស្ពានចម្លងផ្តល់នូវព័ត៌មានពិត ត្រឹមត្រូវជូនសាធារណមតិទាំងក្នុង និងក្រៅប្រទេស៕