(រដ្ឋប៉ាហាំង-ម៉ាឡេស៊ី)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ រួមជាមួយលោកស្រី រត្ន ម៉ានី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី និងសហការី បានអញ្ជើញដល់ទឹកដីរដ្ឋប៉ាហាំង តំបន់ប៉ាកាន់ នៃប្រទេសម៉ាឡេស៊ី ដើម្បីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរឥស្លាម និងតំណាងអ្នកដែលរស់នៅក្នុងរដ្ឋមួយនេះ ចំនួន៣១០នាក់។
លោកស្រីឯកអគ្គរាជទូតកម្ពុជា បានជម្រាបជូនដោយប្ដេជ្ញាចិត្តថា ក្នុងនាមរដ្ឋាភិបាលកម្ពុជា នៅរងចាំដោះស្រាយសម្រួល នូវផលវិបាកផ្សេងៗ ដែលបងប្អូនជួបប្រទះ គឺព្យាយាមនៅបម្រើគ្រប់ពេលវេលា តែសូមបងប្អូនពលរដ្ឋខ្មែរទាំងអស់ សូមរួមរស់ប្រកបដោយសេចក្តីសុខសប្បាយ និងត្រូវរក្សាទំនៀមទម្លាប់សីលធម៌ល្អប្រពៃជាកូនខ្មែរ ដើម្បីកិត្តិយសប្រទេសជាតិ។
ថ្លែងក្នុងឱកាសនោះ លោកឧកញ៉ា អូស្មាន ហាស្សាន់ បានលើកឡើងនូវស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងមានការអភិវឌ្ឍន៍។
លោកបានបញ្ជាក់ពីវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ ដែលបង្កនូវភាពងាយស្រួលគ្រប់បែបយ៉ាង ស្របនឹងប្រទេសមានសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍកាន់តែខ្លាំងឡើង មធ្យោបាយធ្វើដំណើរលើផ្លូវថ្នល់ខ្វាត់ខ្វែង ហេដ្ឋារចនាសម្ព័ន្ធ បាននិងកំពុងរៀបចំឲ្យកាន់តែល្អថែមទៀត ហើយពេលនេះជើងហោះហើរទៅមកជាមួយប្រទេសនានា ក៏ចេះតែមានការកើនឡើងជាលំដាប់ ជាហេតុដែលលំហូរកំណើនសេដ្ឋកិច្ច និងវិនិយោគកាន់តែមានសន្ទុះខ្លាំងឡើង។
តំណាងប្រជាពលរដ្ឋខ្មែរឥស្លាមនៅទីនោះ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះមកសួរសុខទុក្ខ ហើយប្ដេជ្ញានៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាជារៀងរហូត ទោះពួកគាត់មិនមានលទ្ធភាពទៅបោះឆ្នោតក្តី ប៉ុន្តែដោយការគាំទ្រ និងគោរពស្រលាញ់ សម្តេចតេជោ ហ៊ុន សែន នឹងបន្តនាំសារទៅកាន់បងប្អូនសាច់ញាតិដែលនៅកម្ពុជា ត្រូវតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
សូមជម្រាបថា បន្ទាប់ពីបានធ្វើដំណើរដោយរថយន្តចម្ងាយ៣៦៥គីឡូម៉ែត្រ ពីអាកាសយាន្តដ្ឋានអន្តរជាតិម៉ាឡេស៊ី មកកាន់រដ្ឋប៉ាហាំង គណៈប្រតិភូបន្តដំណើរ ដោយរថយន្តទៅកាន់រដ្ឋ Perak ដែលត្រូវធ្វើដំណើរចម្ងាយជិត៦០០គីឡូម៉ែត្រទៀត ដើម្បីជួបសំណេះសំណាលបងប្អូនពលរដ្ឋខ្មែរ និងអ្នកតំណាងដែលនៅតំបន់ Parit Buntar និងនៅជុំវិញ៕