(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) នឹងរៀបចំកម្មវិធីផ្ទេរ-ប្រគល់គ្រឿងចក្រកម្ទេចមីនធុនធ្ងន់ចំនួន៥គ្រឿង និងសម្ភារៈបច្ចេកទេសគាំទ្របោសសម្អាតមីនមួយចំនួន ដែលគិតជាថវិកាចំនួនជិត ៥លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់ជប៉ុន។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់នៅរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨នេះថា គ្រឿងចក្រ និងសម្ភារៈទាំងអស់នេះ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុនផ្តល់ជូន រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសកម្មភាពកម្ចាត់មីនរបស់អង្គភាពស៊ីម៉ាក់។

លោកបានឲ្យដឹងទៀតថា កម្មវិធីផ្ទេរ-ប្រគល់នេះ នឹងប្រព្រឹតិ្តទៅក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ និងលោក Horinouchi Hidehisa ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា កម្មវិធីនេះ នឹងរៀបចំនៅទីបញ្ជាការស៊ីម៉ាក់ ខេត្តបាត់ដំបង។

សូមជម្រាបថា នៅឆ្នាំ២០១៨នេះ ស៊ីម៉ាក់ មានផែនការបោសសម្អាតផ្ទៃដីចំការមីន ឲ្យបាន១២០គីឡូម៉ែត្រការ៉េ ត្រូវការជំនួយប្រមាណ១៨លានដុល្លារអាមេរិក៕