(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ០៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទន្ទឹមនឹងការបិទសន្និបាត សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបសាងសង់រួចរាល់ផងដែរ។ អគាររដ្ឋបាលថ្មីនេះជាអគារភ្លោះមានកម្ពស់ ៥ជាន់នៅក្នុងបរិវេណទីស្តីការក្រសួង ដែលត្រូវបានប្រសិទ្ធនាមថា «អគារផ្ការំដួល» ដែលនឹងក្លាយទៅជាមរតកដ៏ថ្លៃថ្លាសម្រាប់មន្រ្តីរាជការជំនាន់ក្រោយ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា តាមរយៈការវាយតម្លៃរបស់អង្គសន្និបាត វិស័យកសិកម្មរបស់កម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយសារកំណើនវិស័យកសិកម្មបានកើនឡើងពី១,៤%នៅឆ្នាំ២០១៦ ទៅដល់ជិត ២% នៅក្នុងឆ្នាំ២០១៧-២០១៨នេះ ហើយវិស័យនេះបានចូលរួមចំណែកប្រមាណ២៤,៩% ក្នុងផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០១៧។ ក្នុងនោះសម្រាប់ផ្នែកដំណាំមានចំនួន ៥៨,៥% ផ្នែកផលិតកម្មសត្វ ១១,២% ផ្នែកជលផល ២៣,៥% និងផ្នែកព្រៃឈើ៦,៨%។
លើសពីនេះទៀត ក្រសួងក៏បានរៀបចំវេទិកាកសិកមុ្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ពិសេសចូលរួមដោះស្រាយនូវក្តីកង្វល់ និងបញ្ហាប្រឈម ទាំងឡាយដែលវិស័យឯកជន សង្គមស៊ីវិល និងសហគមន៍កសិកម្មជួបប្រទះតាមយន្តការរដ្ឋ ឯកជន និង សហគមន៍។ ជាមួយនេះអង្គភាពជំនាញជាសេនាធិការ ក៏បានខិតខំចងក្រងឯកសារគោលនយោបាយ ផែនការ យុទ្ធសាស្ត្រថ្មីៗ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តបានជាច្រើនតាមសមត្ថកិច្ចរៀងខ្លួន រួមទាំងការចុះកិច្ចព្រមព្រាងទ្វេ-ពហុភាគីជាមួយបណ្តាប្រទេសជាមិត្តក្នុងការបង្កើនផលិតភាព និងពាណិជ្ជូប-នីយកម្មកសិកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
បើទោះបីមើលឃើញថា វិស័យកសិកម្មមានការរីកចម្រើនយ៉ាងណាក្តី តែតាមរយៈសន្និបានក៏បានរកឃើញនូវបញ្ហាប្រឈមមួយចំនួន ដែលទាមទារឲ្យមានការដោះស្រាយផងដែរ។ បើតាមលោក វេង សាខុន បញ្ហាប្រឈមដែលបានរកឃើញនោះរួមមាន៖
១៖ សមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធរបស់ការងារស្រាវជ្រាវ និងសេវាផ្សព្វផ្សាយកសិកម្ម នៅមិនទាន់ឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងទីផ្សារឱ្យមានប្រសិទ្ធភាពខ្ពស់នៅឡើយ។
២៖ ផលិតកម្មដំណាំកសិកម្ម មានកំណើនផលិតភាពទាប ការធ្វើពិពិធកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម នៅមានកម្រិត ព្រមទាំងកង្វះការវិនិយោគលើការកែច្នៃគុណភាពកសិផលនៅទាបមិនឆ្លើយតបតាមតម្រូវការទីផ្សារ និងថ្លៃដើមផលិតកម្មខ្ពស់ពិបាកប្រកួតប្រជែងជាមួយនឹងផលិតផលនាំចូល រួមទាំងការផ្តល់សេវាកម្មស្រោចស្រព និងភ្លើងអគ្គិសនី នៅមានកម្រិតនិងមានតម្លៃខ្ពស់បើយើងប្រៀបធៀបនឹងប្រទេសជិតខាង។ រីឯការនាំចេញកសិផលពុំទាន់បានឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានគោលដៅសំខាន់ពាក់ព័ន្ធនឹងវិស័យកសិកម្ម គឺត្រូវជំរុញការនាំចេញផលិតផលកែច្នៃកសិកម្មឲ្យបាន១២% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥។
៣៖ ក្នុងបរិបទបច្ចុប្បន្ននេះ កម្លាំងពលកម្មក្នុងវិស័យកសិកម្មមានការធ្លាក់ចុះ និងបន្តធ្លាក់នៅក្នុងរង្វង់២៩%នៅឆ្នាំ២០៣០ ខណៈដែលកម្លាំងពលកម្មក្នុងវិស័យឧស្សាហកម្មមានចំណែកកាន់តែកើនឡើងគួរឱ្យកត់សម្គាល់។
៤៖ ការគ្រប់គ្រង និងការប្រើប្រាស់ដីកសិកម្មឱ្យចំគោលដៅ និងសក្តានុពលភាពទឹកនិងដីនៅតាមភូមិសាស្រ្តនីមួយៗស្ថិតនៅតែជាបញ្ហាដែលក្រសួងកំពុងគិតគូរអំពីការកំណត់តំបន់ដាំដុះឱ្យបានសមស្រប។
៥៖ កិច្ចសហការពីសំណាក់អាជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ មិនទាន់បានរលូននៅឡើយ ក្នុងការទប់ស្កាត់ បទល្មើសព្រៃឈើ និងជលផល ការនាំចេញជ័រ និងឈើកៅស៊ូមិនទាន់កែច្នៃ ការនាំចូលសត្វ និងសម្ភារកសិកម្មខុសច្បាប់ រួមទាំងការត្រួតពិនិត្យ អនាម័យនិងភូតគាមអនាម័យនៅតាមតំបន់ និងតាមច្រកព្រំដែននៅមានកម្រិត។
៦៖ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដ៏ដូចជាការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងសេវាសាធារណៈពុំទាន់បានល្អប្រសើរតាមការរំពឹងទុក។ (៧). ផលិតកម្មក្នុងស្រុកពុំទាន់បានបំពេញគ្រប់គ្រាន់ទៅតាមតម្រូវការ និងមានការនាំចូលបន្ថែម។
៨៖ ការលំបាកក្នុងការរកទីផ្សារលក់ផលិតផលកសិកម្ម នៅមានចំណុចខ្វះខាតមួយចំនួនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផលិតនិងកែឆ្នៃ ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា បញ្ហាថ្លៃដើមផលិតកម្មសម្រាប់ធ្វើការកែច្នៃខ្ពស់ គួបផ្សំនឹងការប្រែប្រួលរបបពាណិជ្ជកម្មដែលតម្រូវឱ្យកម្ពុជាពង្រឹងសមត្ថភាពទីផ្សារក្នុងស្រុក និងខិតខំទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការចូលរួមក្នុងសមាហរណកម្មសេដ្ឋកិច្ចតំបន់។
៩៖ សកម្មភាពកាប់រានហ៊ុមព័ទ្ធដីព្រៃឈើ ព្រៃលិចទឹកដោយខុសច្បាប់នៅតែកើតមានរហូតមកទល់បច្ចុប្បន្ននេះ តែស្ថានភាពហាក់ដូចជាធូរស្រាលជាងឆ្នាំមុន៕