(ភ្នំពេញ)៖ ឆ្នាំ២០១៨ នេះ គឺខួប៤០ឆ្នាំហើយ ដែលប្រទេសចិនបានធ្វើកំណែទម្រង់សេដ្ឋកិច្ច និងដាក់ចេញនយោបាយបើកចំហរទីផ្សាររបស់ខ្លួន។ តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច និងអនុវត្តន៍នូវនយោបាយទីផ្សារសេរីរបស់លោក តេង ស៊ាវភីង ប្រធានាធិបតីទី២របស់ចិនកាលពីឆ្នាំ១៩៨៦ បានធ្វើឲ្យប្រទេសចិនរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស រហូតក្លាយជាប្រទេសដែលជួបគ្រោះខ្វះស្បៀងអាហារ មកជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២នៅលើពិភពលោកនាពេលបច្ចុប្បន្ន។
ភាពរីកចម្រើនរបស់ចិន គឺបានពឹងផ្អែកជាចម្បងទៅលើវិស័យឧស្សាហកម្ម។ ទោះបីវិស័យឧស្សាហកម្មជាចំណែកធំក្នុងជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិយ៉ាងណាក្តី តែវិស័យកសិកម្មក៏នៅតែជាចំណែកដ៏សំខាន់ ដែលចិនមិនបានមើលរំលងនោះឡើយ។
ក្នុងខួប៤០ឆ្នាំនៃការធ្វើកំណែទម្រង់សេដ្ឋកិច្ច និងការបើកចំហរទីផ្សារនេះ នៅក្នុងខែមេសាកន្លងទៅក្រសួងការបរទេសចិន បានអញ្ជើញអ្នកព័ត៌មាន ២០នាក់មកពីប្រទេសក្នុងតំបន់អាស៊ីចំនួន ១០ទៅបំពេញទស្សនកិច្ចសិក្សាពីប្រទេសរបស់ខ្លួន ក៏ដូចជាបង្ហាញពីភាពរីកចម្រើនលូតលាស់របស់ចិន។ អ្នកព័ត៌មានរបស់អង្គភាពព័ត៌មាន Fresh News លោក វ៉ាន់ សារាយ ក៏ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធី នេះផងដែរ។
ដោយសារមានសាវតាជាកូនកសិករ ហើយមានអនុស្សាវរីយ៍ឌិតដាមច្រើនជាមួយវិស័យកសិកម្ម គ្រាដែលកម្ពុជាមានផ្ទៃដីភាគច្រើនជាកសិកម្មនោះ លោក វ៉ាន់ សារាយ មិនត្រឹមតែចាប់អាម្មណ៍លើភាពរីកចម្រើនលូតលាស់ដ៏មហស្ចារ្យលើប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធ សំណង់អគារផ្សេងៗរបស់ចិននោះទេ តែក៏បានចាប់អារម្មណ៍ទៅភាពខ្លាំងក្លាលើផ្នែកកសិកម្មរបស់ចិនផងដែរ។
លោក វ៉ាន់ សារាយ បានថ្លែងថា ក្នុងដំណើរបំពេញទស្សនកិច្ចក្នុងប្រទេសចិនជាលើកទី២នេះ លោកមានឱកាសធ្វើដំណើរកាត់តាមដែនដីជនបទ របស់ចិនរាប់ពាន់គីឡូម៉ែត្រតាមរយៈរថភ្លើងល្បឿនលឿន និងរថយន្តក្រុង។ តាមរយៈដំណើរលើដែនដីជនបទនេះ បានធ្វើឲ្យលោកបានឃើញផ្ទៃដីដ៏ល្វឹងល្វើយ របស់ចិនបានគ្របដណ្តប់ទៅដោយដំណាំកសិកម្ម។
តាមរយៈការសាកសួររបស់លោក វ៉ាន់ សារាយ ជាមួយមន្ត្រីរបស់ចិន បានឲ្យដឹងថា វិស័យកសិកម្ម ពិតជាមានសារសំខាន់ខ្លាំងសម្រាប់ប្រទេសចិន។ វិស័យកសិកម្ម នៅតែជាសសរគ្រឹះនៃករអភិវឌ្ឍសេដ្ឋកិច្ចចិនប្រកបដោយស្ថិរភាព។
មន្ត្រីរបស់ចិនរូបនេះ បានឲ្យដឹងថា ផ្ទៃដីរបស់ចិនអាចដាំដុះបាន០៩ភាគរយរបស់ពិភពលោក ដើម្បីទ្រទ្រង់ប្រជាជន ២១ភាគរយរបស់ខ្លួន។ ជាពិសេសការធានាឲ្យបាននូវស្បៀងអាហារហូបចុកប្រចាំថ្ងៃ សម្រាប់ពលរដ្ឋជាង១ពាន់លាននាក់។
បើតាមមន្ត្រីរបស់ចិន វិស័យកសិកម្មជាឧស្សាហកម្មយ៉ាងសំខាន់មួយផងដែរ ក្នុងការដោះស្រាយបញ្ហាអត់ការងាររបស់ប្រជាពលដ្ឋ និងប្រាក់ចំណូលរបស់ប្រជាកសិករ។ វិស័យកសិកម្មបង្កើតការងារប្រមាណ ៣២០លានកន្លែង និងចូលរួមចំណែកយ៉ាងធំធេងទៅក្នុងប្រាក់ចំណូលរបស់កសិករប្រមាណ ៤៥ភាគរយ។
ចិនមានផ្ទៃដីលាតសន្ធឹងធំល្វឹងល្វើយ ប៉ុន្តែផ្ទៃដីស្រែដីដែលអាចដាំដុះបានមានទំហំត្រឹម ១៣០លានហិកតា គឺតែ ១៣.៥ភាគរយនៃផ្ទៃដីទាំងមូលរបស់ចិន។ ទីតាំងដីដែលអំណោយផលសម្រាប់ការដាំដុះភាគច្រើនស្ថិតនៅប៉ែកខាងកើត ខណៈដីដែលសម្បូរដោយវាលស្មៅ គឺប្រមូលផ្តុំនៅភាគខាងជើង និងភាគខាងលិចប្រទេស។ បច្ចុប្បន្ន ចិនមានគ្រួសារដែលជាប្រជាកសិករប្រហែល ២០០លានគ្រួសារ ដោយជាមធ្យមក្នុងមួយគ្រួសារកាន់កាប់ផ្ទៃដីទំហំ ០.៦៥ហិកតា។
ប្រទេសចិនមានគុណសម្បត្តិក្នុងការដាំដុះដំណាំដែលប្រើប្រាស់កម្លាំងពលកម្មច្រើន រួមមានផ្លែឈើ និងបន្លែជាដើម ប៉ុន្តែមានគុណវិបត្តិ ក្នុងការដាំដុះដំណាំ ដែលយកទំហំផ្ទៃដីជាសំខាន់ ដូចជាគ្រាប់ធញ្ញជាតិ និងគ្រាប់ពូជដែលផ្ទុកជាតិប្រេង។ ដោយឡែកប្រភពធនធានទឹករបស់ចិន គឺពុំសូវជាច្រើនហូរហៀរប៉ុន្មាន នោះឡើយ។
វិស័យកសិកម្ម គឺជាវិស័យប្រើប្រាស់ទឹកច្រើនជាងគេនៅក្នុងប្រទេសចិន។ កម្រិតនៃការប្រើប្រាស់ទឹកនៅក្នុងវិស័យកសិកម្ម គឺប្រហែល៤០ពាន់លានម៉ែត្រគូប ក្នុងមួយឆ្នាំៗ។ ដើម្បីជួយជ្រោមជ្រែងដល់សង្វាក់ផលិតកម្មនៃវិស័យកសិកម្ម ការប្រើប្រាស់ធនធានទឹក ក្នុងវិស័យកសិ កម្មនេះ នៅប្រទេសចិន គឺមានតម្លៃទាបសមរម្យ។
ក្រៅពីការចាប់អារម្មណ៍ចំពោះការជំរុញដាំដុះនៅក្នុងប្រទេសចិនហើយ លោក វ៉ាន់ សារាយ ក៏បានចាប់អារម្មណ៍ចំពោះនយោបាយជំរុញការប្រើប្រាស់ និងគាំទ្រកសិផលរបស់ចិនផងដែរ។
ការជំរុញឲ្យកសិករបង្កើនការដាំដុះជារឿងដែលចិនយកចិត្តទុកដាក់ ហើយការជំរុញឲ្យមានការប្រើប្រាស់ដំណាំកសិផលដែល កសិករដាំដុះបានរឹតតែត្រូវបាន រដ្ឋាភិបាលចិនយកចិត្តទុកដាក់ខ្លាំងថែមទៀត។ ដើម្បីជំរុញចរន្តបញ្ចេញកសិផលរបស់កសិករ រដ្ឋាភិបាលចិនបានដាក់ចេញនយោបាយឲ្យមានការគាំទ្រ ខ្លាំងក្នុងរបបចំណីអាហាររបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ។
បើតាមលោក វ៉ាន់ សារាយ នៅក្នុងម្ហូបអាហាររបស់ចិនភាគច្រើនបំផុត ត្រូវបានកែច្នៃចេញបន្លែ និងផ្លែឈើនានា ដែលកសិករដាំបានមិន សូវជាប្រើប្រាស់ សាច់ច្រើននោះទេ។ ជាមួយគ្នានោះនៅតាមសណ្ឋាគារនានា ក៏ជាប្រភពសំខាន់សម្រាប់ជំរុញការគាំទ្រកសិផលនេះផងដែរ។
អ្វីដែលធ្វើឲ្យ លោក វ៉ាន់ សារាយ ចាប់អារម្មណ៍ខ្លាំងនោះនៅតាមសណ្ឋាគារដែលលោកបានស្នាក់នៅ អាហារបុហ៊្វេជារៀងរាល់ព្រឹក គឺត្រូវតែមានពងមាន់ ពោត ដំឡូង និងត្រាវក៏មាន។ នេះមិនទាន់រាប់ពីចំណីអាហារផ្សេងៗទៀត ដែលភាគច្រើនធ្វើពីបន្លែបង្កានោះទេ ក្រៅពីនោះគេក៏មានទឹកក្រូច ទឹកសណ្តែក និងទឹកដក់គោស្រស់ដាក់ជាប្រចាំផងដែរ។
តាមរយៈរបបអាហារដែលបានដាក់បម្រើភ្ញៀវនៅតាមសណ្ឋាគារ គឺបានបង្ហាញថា រដ្ឋាភិបាលបានជំរុញឲ្យតាមសណ្ឋាគារត្រូវតែចូលរួមគាំ ទ្រដល់កសិផលរបស់កសិករ៕