(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ បើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាសអន្ដរក្រសួង ស្ដីពីការគ្រប់គ្រងប្រាក់ចំណូល ពីការផ្ដន្ទាទោសពិន័យជាប្រាក់ លើជនប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការចូលរួមពី តំណាងអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ, តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, តំណាងស្ថាប័នតុលាការ និងតំណាងស្នងការរាជធានី-ខេត្ត ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។
នាយឧត្តមសេនីយ៍ តេង សាវង្ស បានគូសបញ្ជាក់ថា ប្រកាសអន្ដរក្រសួងរវាងក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបានរៀបចំឡើងដើម្បីគ្រប់គ្រង និងការបែងចែកប្រាក់ចំណូល ពីការផ្ដន្ទាទោសពិន័យជាប្រាក់លើជនប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ប្រកបដោយគណនេយ្យភាព ស្របតាមនីតិវិធីហិរញ្ញវត្ថុ និងធានាបានការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ប្រកបដោយសមធម៌។
បើតាមប្រកាសអន្ដរក្រសួង ដែលបានធ្វើឡើងនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ប្រាក់ចំណូលបានមកពីការផ្ដន្ទាទោសពិន័យជាប្រាក់ ចំពោះជនប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលអនុវត្តតាមសេចក្ដីសម្រេចស្ថាពររបស់ សាលាជម្រះក្ដីត្រូវបានគ្រប់គ្រង ដោយក្រសួងមហាផ្ទៃ ដែលជាអាណាប័កដើមខ្សែ។
នាយឧត្តមសេនីយ៍រដ្ឋលេខាធិការ ក៏បានបន្ថែមថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធបានរៀបចំសេចក្ដីប្រកាសពីការបែងចែកប្រាក់ពិន័យនេះឡើង គឺដើម្បីជាការលើកទឹកចិត្តដល់មន្ដ្រីអ្នកអនុវត្តច្បាប់ទាំងអស់ ដែលខិតខំប្រឹងបំពេញការងារតាមមុខជំនាញរបស់ខ្លួន ដោយមានប្រសិទ្ធភាពខ្ពស់ ដូច្នេះហើយសូមមន្ដ្រីអនុវត្តច្បាប់ទាំងអស់ ត្រូវបន្ដខិតខំអនុវត្តច្បាប់ឲ្យស្របទៅតាមវិជ្ជាជីវៈរបស់ខ្លួនឲ្យបានត្រឹមត្រូវ ជៀសវាងមានការថ្នាំងថ្នាក់ ជាមួយពលរដ្ឋជាយកថាហេតុ៕