(ភ្នំពេញ)៖ លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានធ្វើឱ្យវិស័យសុខាភិបាលនៅកម្ពុជា មានការរីកចម្រើនជាពិសេសកំណើនឆ្មប យ៉ាងឆាប់រហ័ស។

លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសលោកអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាឆ្មបអន្តរជាតិ ៥ ឧសភា ២០១៨ ក្រោមប្រធានបទ «ឆ្មបនាំមកនូវការថែទាំប្រកបដោយគុណភាព» ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីសុខាភិបាល ឆ្មបយ៉ាងច្រើនកុះករ នៅសណ្ឋាគារភ្នំពេញ។

ជាមួយនឹងការយកចិត្តទុកដាក់នេះ លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង បានបន្តថា ថ្នាក់ដឹកនាំបានយកចិត្តទុកដាក់លើកម្ពស់បន្ថែមប្រាក់បៀរ៍វត្ស មូលដ្ឋាន និងប្រាក់មុខងារជូនដល់បុគ្គលិកមន្ត្រីរាជការសុខាភិបាលមិនប៉ុណ្ណោះ ចំពោះឆ្មបវិញរាជរដ្ឋាភិបាលបានបន្ថែមប្រាក់លើកទឹកចិត្ត ដល់ឆ្មបណាបានបង្កើតទារកមានសុខភាពល្អ មានសុវត្ថិភាពនៅតាមមណ្ឌលសុខភាព និងមន្ទីពេទ្យនានារប់សរដ្ឋផងដែរ។

លោកសាស្ត្រចារ្យ បានបន្ថែមទៀតថា មិនតែប៉ុណ្ណោះឆ្មបត្រូវបានលើកតម្កើនស្ថានភាពជាមន្ត្រីរាជការ ការលើកកម្ពស់ឋានានុក្រម មួយកម្រិតទៀត បច្ចុប្បន្នឆ្មបមានវិជ្ជាជីវៈដ៏ឧត្តុង្គឧត្តមមួយសម្រាប់ការចូលរួមលើកតម្កើនមុខមាត់ប្រទេសកម្ពុជាផងដែរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា​ «គុណតម្លៃរបស់ឆ្មប គឺបានចូលរួមថែទាំអាយុជីវិតមនុស្សពីរនាក់ មានន័យស្ត្រីនៅពេលសម្រាលកូន ត្រូវបានយកចិត្តទុកដាក់ពីសំណាក់ឆ្មប ដើម្បីសង្រ្គោះកូនក្នុងផ្ទៃ និងម្តាយនៅពេលសម្រាលកូនដែលជាដំណាក់កាលមួយដ៏ពិបាកសម្រាប់ស្ត្រី និងកូន ដូច្នេះឆ្មបមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីជួយសម្រាលបន្ទុកមាតា និងទារក»

លោកបណ្ឌិតសាស្ត្រចារ្យ បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលព្យាយាមបង្កើនចំណេះដឹងដល់ឆ្មបឱ្យកាន់តែមានជំនាញ ចំណេះដឹង វិជ្ជាជីវៈឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីកាត់បន្ថយការខ្លះខាតការថែទាំ និងការធ្វេសប្រហែសនៃការមិនយល់ដឹងដោយប្រការណាមួយ។

សូមបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០១៧ ឆ្មប ដែលបានចុះបញ្ជីសរុបចំនួន៧,០៨២នាក់ ក្នុងនោះសេវាសាធារណៈ មានចំនួន៦,៣៩១នាក់ ស្មើរនឹង៩៦ភាគរយ (បាត់ចំនួន២៥២នាក់), សេវាឯកជន មានចំនួន៥១៤នាក់, អង្គការក្រៅរដ្ឋាភិបាល (ឆ្មបខ្មែរ) មានចំនួន១៦៩នាក់ និងឆ្មបបរទេស មានចំនួន៨នាក់ ក៏ប៉ុន្តែចំនួននេះមិនទាន់ឆ្លើយតបតាមតម្រូវការរបស់គណៈឆ្មបកម្ពុជាចង់បាននៅឡើយទេ៕