(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានណែនាំដល់មន្រ្តីបក្សប្រជាជនកម្ពុជានៅក្រុងតាខ្មៅ ឲ្យបន្តធ្វើអំពើល្អបំរើសេវាសាធារណៈ សេវាតម្រូវការជូនប្រជាពលរដ្ឋ ឲ្យបានល្អត្រឹមត្រូវ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្រ្តអណត្តិទី៦ ឆ្នាំ២០១៨ ខាងមុខនេះ ទទួលបានជោគជ័យជូនគណបក្សប្រជាជនកម្ពុជា។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្ដាលប្រជាជនកម្ពុជា និងជាអនុប្រធានគណៈពង្រឹងមូលដ្ឋាន ខេត្តកណ្ដាល បានលើកឡើង ក្នុងពិធីសំណេះសំណាលជាមួយ មន្រ្តីគណបក្សប្រជាជនកម្ពុជាក្រុងតាខ្មៅ ខេត្តកណ្ដាល ប្រមាណ៩៧០នាក់ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ។
នាយឧត្តមសេនីយ៍បានបន្តថា មន្រ្តីគណបក្សត្រូវបន្តអនុវត្តន៍គោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាឲ្យបានល្អ បំរើស្មោះត្រង់ ចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមមូលដ្ឋានជាប្រចាំ, ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ ស្មោះត្រង់បំរើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងកសាងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ, គណបក្សប្រជាជនកម្ពុជា មានគុណបំណាច់យ៉ាងធំធេងចំពោះជាតិ មាតុភូមិ និងប្រជាជនរួមមាន៖
ទី១៖ គណបក្សប្រជាជនកម្ពុជា មានគុណសម្បត្តិ និងស្នាដៃជាប្រវត្តិសាស្ត្រ ក្នុងការវាយផ្តួលរលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះប្រជាជនឲ្យរួចផុតពីការកាប់សម្លាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានទាន់ពេលវេលាតាមការអំពាវនាវរបស់ប្រជាជន
ទី២៖ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយបង្រួបបង្រួមជាតិ ឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ បើកផ្លូវឲ្យអ៊ុនតាក់រៀបចំការបោះឆ្នោតឆ្នាំ១៩៩៣ បង្កើតរដ្ឋធម្មនុញ្ញសម្រាប់ប្រើប្រាស់ដល់សព្វថ្ងៃ
ទី៣៖ គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនយោបាយឈ្នះឈ្នះ ធ្វើឲ្យអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមត្រូវបានរលំរលាយទាំងស្រុង នាំមកនូវសុខសន្តិភាពពេញលេញជូនប្រទេសជាតិ និងប្រជាជនកម្ពុជា
ទី៤៖ គណបក្សប្រជាជនកម្ពុជា បានដឹកនាំសង្គមកម្ពុជាតាមរយៈរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី កសាង និងអភិវឌ្ឈន៍ប្រទេស ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រឹតទាប នឹងឈានទៅរកចំណូលមធ្យមកម្រឹតខ្ពស់នាពេលខាងមុខ។
នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានអំពាវនាវដល់មន្រ្តីបក្សជួយណែនាំប្រជាពលរដ្ឋ បន្តនូវការគោរពស្រឡាញ់ ដឹងគុណ គាំទ្រដោយឥតងាករេចំពោះសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីអណត្តិទី៦ និងសម្រាប់អណត្តិក្រោយៗទៀត ជាបន្តបន្ទាប់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតខាងមុខ ដើម្បីគណបក្សប្រជាជនកម្ពុជា បានបន្តបេសសកកម្មដឹកនាំកសាង និងអភិវឌ្ឈន៍ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀតស្របតាមបំណងប្រាថ្នារបស់បងប្អូនជាម្ចាស់ឆ្នោត។
ក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានឧបត្ថម្ភថវិកា ផ្ដល់ម៉ាស៊ីនកុំព្យូទ័រ១គ្រឿង និងអាយកូម១០គ្រឿង ក្នុង១សង្កាត់ៗក្រុងតាខ្មៅ សម្រាប់បំរើការងារការពារសណ្ដាប់ធ្នាប់ សន្តិសុខសង្គម៕