(ភ្នំពេញ)៖ ខណៈដែលទណ្ឌិត សម រង្ស៊ី អតីតមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ដែលបានស្លាប់ទៅហើយ ដោយសារសាលក្រមរបស់តុលាការកំពូលកម្ពុជា បាននឹងកំពុងដើរប្រកូសប្រកាសតាមមណ្តាញសង្គម កុំឲ្យប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោតតំណាងរាស្រ្ត នៅខែកក្កដាខាងមុខនេះ ដែលនេះបង្ហាញពីទង្វើបំពានសិទ្ធិលើប្រជាពលរដ្ឋ ដែលច្បាប់បានចែងថាពលរដ្ឋខ្មែរមានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួនរយៈពេល៥ឆ្នាំម្តង។
ស្របនឹងសកម្មភាពអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី បែបនេះ ដោយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ខាងមុខនេះ លោក ស៊ិក ប៊ុនហុក ប្រមុខដឹកនាំគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ គជប នឹងធ្វើដំណើរទៅកាន់ខេត្តតាកែវ ដើម្បីថ្លែងបាឋកថាផ្សព្វផ្សាយគោលបំណងបញ្រ្ចាបការយល់ដឹង អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៦ ឆ្នាំ២០១៨ លើកដំបូងជូនដល់សិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងគ្រូបង្រៀន។
យោងតាមសេចក្តីជូនដំណឹងរបស់ គជប បានឲ្យដឹងថា ការចុះធ្វើបញ្ច្រាបការយល់ដឹងខាងលើនេះ ដោយសារមានសំណូមពរពីសិស្ស និស្សិត គរុសិស្ស គរុនិស្សិត និងគ្រូបង្រៀន នៅខេត្តតាកែវ។ សេចក្តីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ចូលរួមយកព័ត៌មានកុំបីខាន៕