(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត កូនច្បងសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ បានបង្ហាញទំព័រ Facebook ផ្លូវការ និងពិតប្រាកដរបស់លោក ដែលមានសញ្ញា ធិកពណ៌ខៀវ ជូនដល់សាធារណជនកុំឱ្យមានការយល់ច្រឡំ បន្ទាប់ពីមានជនអនាមិកបានក្លែងបន្លំ Facebook របស់លោកជាបន្តបន្ទាប់នាថ្មីៗនេះ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ថ្មីៗនេះ មានគេហទំព័រហ្វេសប៊ុកមួយចំនួន បានបង្កើតឡើង ដោយដាក់ឈ្មោះរបស់ខ្ញុំ (ហ៊ុន ម៉ាណែត ឬ Hun Manet) និងប្រើរូបថតរបស់ខ្ញុំជា Profile ដែលធ្វើឲ្យមានការភាន់ច្រឡំ និងងឿងឆ្ងល់ពីសំណាក់មិត្តជាច្រើនថា តើគេហទំព័រមួយណាខ្លះជារបស់ខ្ញុំពិតប្រាកដ»។
លោកបានបន្តទៀតថា «ខ្ញុំសូមបញ្ជាក់ថា ខ្ញុំ (ហ៊ុន ម៉ាណែត) មានគេហទំព័រហ្វេសប៊ុកតែមួយគត់ គឺគេហទំព័រដែលមានឈ្មោះ (Hun Manet) និងមានសញ្ញាធីកពណ៌ខៀវ នៅជាប់ជាមួយ (ដែលបានបញ្ជាក់ពីក្រុមហ៊ុនហ្វេសប៊ុក) ដូចដែលភ្ជាប់រូបភាពជាមួយ Post នេះ។ រាល់បណ្តាញគេហទំព័រហ្វេសប៊ុកផ្សេងទៀត ដែលមានប្រើឈ្មោះរបស់ខ្ញុំនិងរូបរបស់ខ្ញុំ គឺមិនមែនជាគេហទំព័រពិតប្រាកដ របស់ខ្ញុំទេ។ ខ្ញុំសង្ឃឹមថាការបញ្ជាក់នេះនឹងជួយឲ្យមិត្តអស់ចម្ងល់ទាក់ទងរឿងនេះ»។
សូមបញ្ជាក់ថា មួយរយៈពេលនេះ មានជនអនាមិក បានក្លែងបន្លំជា Facebook ថ្នាក់ដឹកនាំ និងមន្រ្តីយោធាជាបន្តបន្ទាប់ ហើយធ្វើការបំផុសវាយប្រហារមកលើស្ថាប័នយោធា និងរាជរដ្ឋាភិបាល ស្របពេលដែលការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត ជិតចូលមកដល់៕