(ប៉ៃលិន)៖ ប្តីប្រពន្ធ២នាក់ ត្រូវបានរងគ្រោះដោយរន្ទះបាញ់សន្លប់នៅនឹងកន្លែង ខណ:ពេលកំពុងជម្រះស្មៅ នៅក្នុងចម្ការពេលមេឃកំពុងរលឹមស្រិចៗ ត្រូវបានសាច់ញាតិហៅរថយន្តដឹកទៅសង្គ្រោះ នៅមណ្ឌលសុខភាព ដើម្បីសង្គ្រោះអាយុជីវិតទាន់ពេលវេលា។
ហេតុការគ្រោះធម្មជាតិនេះ បានកើតឡើងនៅរសៀលថ្ងៃ០១ ខែឧសភា ឆ្នាំ២០១៨ ម្សិលមិញនេះ ស្ថិតនៅក្នុងភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ តិល អឿម ភេទស្រី អាយុ ៦៣ឆ្នាំ រស់នៅភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានដួលសន្លប់ នៅនឹងកន្លែងកើតហេតុ និងប្តីឈ្មោះ យន់ ហ៊ីង អាយុ៥៤ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា គ្មានរបួស។
សមត្ថកិច្ចបានបន្តទៀតថា មូលហេតុបណ្តាលឲ្យកើតហេតុការដូចនេះ ដោយសារគេសង្កេតឃើញប្តីប្រពន្ធ២នាក់នេះ មិនបានរកកន្លែងជ្រកទេនៅពេលមេឃកំពុងភ្លៀង នៅតែបន្តការងារនាំគ្នាធ្វើស្មៅដំឡូង ដោយដៃមានកាន់កណ្តៀវដែលមានជាតិដែក ទើបបណ្តាលឲ្យមានបាតុភូតរន្ទះបាញ់នេះតែម្តង។
បច្ចុប្បន្នស្ត្រីរងគ្រោះខាងលើ បានដឹងខ្លួនឡើងវិញហើយតែនៅមិនទាន់ប្រក្រតីឡើងវិញទេ៕