(កំពង់ធំ)៖ ខណៈខេត្តកំពង់ កំពុងកើនឡើងចំនួនចំការកាស៊ូ និងកំណើនកម្មករ លោក សុខ លូ អភិបាលខេត្តកកំពង់ធំ បានជំរុញឱ្យម្ចាស់ក្រុមហ៊ុនទាំងអស់ត្រូវពង្រឹងលើការយកចិត្តទុក្ខដាក់ លើបញ្ហាសុខភាព អនាម័យ និងសេវាសុខាភិបាលផ្សេងៗ ដើម្បីដោះស្រាយ តម្រូវរបស់ពួកគាត់។
លោក សុខ លូ បានថ្លែងបែបនេះ នៅក្នុងឱកាសលោកដឹកនាំសហការី ចុះសួរសុខទុក្ខកម្មករ កម្មការនី ដែលធ្វើការងារនៅតំបន់ចំការកៅស៊ូចំនួន៥០០នាក់ ក្នុងក្រុមហ៊ុនចំនួន៤គឺ ក្រុមហ៊ុន តាន់បៀន, ភឿកហ្វា បារៀរ៍, និងហ្គោលហ្វ័លសុន នៃការរំលឹកខួបអនុស្សាវរីយ៍លើកទីលើកទី១៣២ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០១៨ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨។
នាឱកាសនោះដែរ លោកអភិបាលខេត្ត បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន រួចមកលោកបានលើកឡើងបន្ថែមថា ថ្នាក់ដឹកនាំនៃកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំង លើការគ្រប់គ្រងធ្វើបណ្ណ និងសៀភៅការងារជាពិសេសនោះ ការចុះអនុស្សារណៈយោគយល់គ្នារវាងក្រុមហ៊ុន និងរាជរដ្ឋាភិបាលផងដែរ។
លោក សុខ លូ បានបន្តថា លក្ខខណ្ឌទាំងនេះរាជរដ្ឋាភិបាល បានផ្តល់ជូននូវរបបសន្តិសុខសង្គម ដែលធ្វើការចំនួនពីជំហានរួចមកហើយ គឺជំហ៊ានទី១ គឺរបបធានារ៉ាប់រងហានិភ័យការងារ លើគ្រោះថ្នាក់កាងារ និងជំងឺវិជ្ជាជីវៈដល់សហគ្រាស គ្រឹះស្ថាន ដែលមាននយោជិតចាប់ពីម្នាក់ ឡើងទៅត្រូវមានកាតព្វកិច្ចចុះបញ្ជីកា និងបង់វិភាគទានធានារ៉ាប់រងការងារ ដោយនយោជក ហើយមិនតម្រូវឱ្យកាត់ប្រាក់ ឈ្នួលពីនយោជិកនោះឡើយ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០៨មកម្លេះ។ រីឯជំហ៊ានទី២ ផ្នែកធានារ៉ាប់រងថែទាំសុខភាព សំណៅលើការផ្តល់ជូនសមាជិក បេឡាជាតិរបបសន្តិសុខសង្គម ដែលផ្តល់នូវការព្យាបាល និងថែរទាំវេជ្ជសាស្ត្រ សេវាបង្កាសុខភាព និងប្រាក់បំណាច់ប្រចាំថ្ងៃដោយ មានជំងឺគ្រោះថ្នាក់ជាយថាហេតុ និងលំហែមាតុភាពផងដែរ។
ជាមួយគ្នានេះដែរលោក អៀង សុភាព ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ បានលើកឡើងថា ចំនួនសហគ្រាស គ្រឹះស្ថាននៅក្នុងខេត្តកំពង់ធំ សរុបចំនួន៣៦៨ ដោយឡែកនៅក្នុងក្រុមហ៊ុនចំការកៅស៊ូ តាន់បៀន មានកម្មករនយោជិក ចំនួន១,២៦២នាក់ ក្រុមហ៊ុន ភឿកហ្វា ចំនួន៦០៤នាក់ ក្រុមហ៊ុន បារៀរ៍ ចំនួន៧០១នាក់ និងក្រុមហ៊ុន ហ្គោលហ្វ័លសុន ចំនួន១៨៦នាក់។៕