(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ បង្ហាញនូវការស្វាគមន៍ ចំពោះគណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីគណបក្សរបស់ខ្លួន ព្រមទាំងបញ្ជីបេក្ខជនឈរឈ្មោះប្រកួតប្រជែង នៅក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការចូលរួមរបស់គណបក្សនយោបាយទាំងនេះ គឺបង្ហាញឲ្យឃើញច្បាស់ថា កម្ពុជាកំពុងគោរព និងអនុវត្តន៍នូវលទ្ធុប្រជាធិបតេយ្យ ដែលគណបក្សនយោបាយតូចធំទាំងអស់ ក្នុងប្រទេសមានសិទ្ធិ និងឱកាសចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតដោយសេរី។
តាមរយៈ Facebook សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់យ៉ាងដូច្នេះថា «ថ្ងៃបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៦ ក៏ជិតមកដល់។ ខ្ញុំសូមស្វាគមន៍ដល់គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីគណបក្សខ្លួន ព្រមទាំងបញ្ជីបេក្ខជនឈរឈ្មោះ ប្រកួតប្រជែងនៅ ក្នុងថ្ងៃបោះឆ្នោតថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះគឺបង្ហាញឲ្យឃើញច្បាស់ថា កម្ពុជាកំពុងគោរព និងអនុវត្តន៍នូវលទ្ធិប្រជាធិបតេយ្យ ដែលគណបក្សនយោបាយតូចធំទាំងអស់ ក្នុងប្រទេសមានសិទ្ធិ និងឱកាសចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតដោយសេរី។
កាលពីម្សិលមិញ ខ្ញុំពិតជារីករាយខ្លាំងណាស់ ដែលបានចូលរួមអបអរសាទរជាមួយកូនក្មួយកម្មករនៅក្នុងថ្ងៃឈប់សម្រាកនៃទិវាពលកម្មអន្តរជាតិ ១ឧសភា នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ខ្ញុំរីករាយនៅពេលដែលបានឃើញកូនក្មួយមានសុខភាពល្អ មានការងារធ្វើជាប់លាប់ មានប្រាក់ខែល្អសមរម្យ ព្រមទាំងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនទៀតពីក្រុមហ៊ុន។ ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលក៏បានយកចិត្តទុក ដាក់គិតគូយ៉ាងខ្លាំងក្នុងការការពារ និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនថែមទៀត ដល់ក្មួយៗកម្មករទាំងក្នុងពេលកំពុងបម្រើការងារ និងក្រោយពេលឈប់សម្រាកចូលរឺត្រែត ដើម្បីកូនក្មួយមានជីវភាពរស់នៅកាន់តែល្អប្រសើរ។
សូមអរគុណបងប្អូនប្រជាពលរដ្ឋ សមាជិកសមាជិការគណបក្សប្រជាជន និងកូនក្មួយយុវជនទូទាំងប្រទេសដែលមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ ហើយបន្តបោះឆ្នោតជូន គណបក្សប្រជាជន ដើម្បីខ្ញុំមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរុងរឿងរីកចម្រើនសំបូរសប្បាយ»។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា គិតត្រឹមនៅល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ដែលជាថ្ងៃទី២ នៃដំណើរការចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត ជ្រើសតាំងសមាជិករដ្ឋសភា ឆ្នាំ២០១៨ មានគណបក្សនយោបាយចំនួន៣ហើយ បានចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះរួចហើយ ខណៈគណបក្សនយោបាយចំនួន១៦ផ្សេងទៀត បានមកទទួលពាក្យសុំចុះបញ្ជីឈ្មោះ៕