(ភ្នំពេញ)៖ កងកម្លាំងរបស់អង្គការសហប្រជាជាតិ ដែលកំពុងបំពេញបេសកកម្មនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានរងការវាយប្រហារបណ្តាលកងកម្លាំងមកពីប្រទេសប្រេស៊ីលពីរនាក់រងរបួស ខណៈកងកម្លាំងរបស់កម្ពុជាមិនមានរងគ្រោះថ្នាក់នោះទេ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកនៃមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និង គ្រាប់មិនទាន់ផ្ទុះ បានឲ្យដឹងថា នៅម៉ោងប្រមាណ ៨៖៣៥នាទីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ម៉ោងនៅប្រទេសកម្ពុជា ត្រូវនឹងម៉ោង ១២៖៣៥នាទីរសៀលនៅអាហ្វ្រិកកណ្តាល មានការផ្ទុះអាវុធមួយនៅចំណុច PK-៥ ក្នុងរដ្ឋធានី Bangui។ ហេតុការណ៍នេះ រថយន្តមួយគ្រឿងរបស់អង្គការសហប្រជាជាតិត្រូវបានដុតបំផ្លាញនៅចំណុចរង្វង់មូលមានចម្ងាយប្រមាណ ១គីឡូម៉ែត្រពីទីបញ្ជាការធំ MINUSCA។

លោក សែម សុវណ្ណនី បានបញ្ជាក់នៅយប់ថ្ងៃនេះថា ហេតុការណ៍នេះ បណ្តាលឲ្យនាយសេនាធិការរបស់ប្រេស៊ីលពីរនាក់ បានរងរបួស។ ដោយឡែកនាយទាហានសេនាធិការ សង្កេតការណ៍កម្ពុជាចំនួន៤នាក់ ដែលឈរជើងក្នុងរដ្ឋធានី Bangui មានសុវត្ថិភាពទាំងអស់គ្នា៕