(ស្ទឹងត្រែង)៖ ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង បានខឹងសម្បាយ៉ាងខ្លាំង ចំពោះលោក សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដោយប្រជាពលរដ្ឋខេត្តនេះ អះអាងថា ពួកគេនឹងផ្តាំតកូនចៅថា លោក សម រង្ស៊ី ជាជនក្បត់ជាតិ ដែលហ៊ានចុះកិច្ចព្រមព្រៀង ប្រគល់ទឹកដីកម្ពុជា ចំនួន៤ ខេត្តឱ្យទៅជនជាតិភាគតិចវៀតណាមម៉ុតតាញ៉ា គ្រប់គ្រង។
ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង បានបញ្ជាក់ថា លោក សម រង្ស៊ី ជាអ្នកនយោបាយដែលបានធ្វើខុសធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋខ្មែរ ដោយសារតែទណ្ឌិតរូបនេះ មិនបានកសាងសមិទ្ធផលអ្វីសម្រាប់ជាតិកម្ពុជាទេ បែរជាហ៊ានលួចចុះកិច្ចព្រមព្រៀងកាត់ទឹកដី ប្រគល់ឱ្យជនជាតិដទៃទៀតហើយ ដើម្បីតែអំណាចរបស់ខ្លួន។
ប្រជាពលរដ្ឋខេត្តនេះ បានស្នើឱ្យតុលាការគ្រប់ជាន់ថ្នាក់ ជាពិសេសតុលាការកំពូល ដាក់ទោស លោក សម រង្ស៊ី ឱ្យបានធ្ងន់ធ្ងរបំផុត ដើម្បីឱ្យស័ក្តិសមនឹងអំពើក្បត់ជាតិ ដែលទណ្ឌិតនេះបានប្រព្រឹត្ត។ ពលរដ្ឋក៏បានប្រកាសប្រឆាំងជាមួយ លោក សម រង្ស៊ី រហូតផងដែរ។
ការប្រតិកម្មរបស់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង បានធ្វើឡើង ក្រោយរឿងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាម ម៉ុងតាញ៉ារបស់ លោក សម រង្ស៊ី បានផ្ទុះឡើងនៅពេល សកម្មជនប្រឆាំង ទម្លាយវីដេអូនៃចុះកិច្ចព្រមព្រៀង កាលពី៥ឆ្នាំមុន ដែលធ្វើឡើងដោយលោក សម រង្ស៊ី និង លោក កុក ស មេដឹកនាំជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។
សូមបញ្ជាក់ថា នៅក្នុងវីដេអូបង្ហាញពីកិច្ចព្រមព្រៀងនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តចំនួន៤ ក្នុងនោះរួមមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ឱ្យជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា គ្រប់គ្រងដោយស្វ័យភាព។ ជាមួយគ្នានេះ តាមរយៈកិច្ចសម្ភាសន៍ ជាមួយ កាសែតភ្នំពេញប៉ុស្តិ៍ លោក សម រង្ស៊ី ពុំបានខ្លាចច្បាប់នោះទេ ថែមទាំងបានសារភាពថា លោកពិតជាបាន ចុះហត្ថលេខា ជាមួយ លោក Kok Ksor នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៣នោះ ពិតប្រាកដមែន។
ពាក់ព័ន្ធករណីនេះតំណាងអយ្យការ ក៏បានចេញដីកាកោះហៅលោក សម រង្ស៊ី ឱ្យចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ ខណៈដែល លោក សម រង្ស៊ី ដែលកំពុងមានឈ្មោះជាទណ្ឌិត កំពុងរត់គេចពី សំណាញ់ច្បាប់ នៅក្រៅប្រទេសនៅឡើយ៕
ពលរដ្ឋខេត្តស្ទឹងត្រែង ផ្តាំតកូនចៅថា លោក សម រង្ស៊ី ជាជនក្បត់ជាតិ ដោយសារតែចុះកិច្ចព្រមព្រៀងកាត់ទឹកដីខ្មែរ ឱ្យទៅជនជាតិដទៃ (Video Inside)