(ភ្នំពេញ)៖ ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រអាណត្តិទី៦ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៣០ ខែមេសា គឺជាសំឡេងស៊ីប្លេដែលបញ្ជាក់ថា រថភ្លើងបានចេញដំណើរហើយ។ រថភ្លើងនេះទៀត សោតចេញដំណើរដោយមានអ្នកជិះច្រើនកុះករបញ្ជៀតគ្នា ដឹកឥវ៉ាន់សំពីងសំពោង ហើយអ្នកខ្លះប្រឹងរត់យ៉ាងប្រញាប់ប្រញាល់នៅនាទីចុងក្រោយ ក្រែងមិនទាន់ការចេញដំណើរនឹងគេ។ រថភ្លើងនេះមានទូរបន្តកន្ទុយគ្នាយ៉ាងវែង និងបានដឹកមនុស្សគ្រប់ប្រភេទ មិនស្ងាត់ជ្រងំដូចការចង់បានរបស់អ្នកខកដំណើរ ហើយចង់ឲ្យអ្នកដទៃខកតាមខ្លួននោះឡើយ។
ការចេញដំណើរនៃរថភ្លើងឆ្ពោះទៅកាន់ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នៅពេលនេះក៏ជាសូរញញួរវាយក្បាលដែកគោលទៅលើក្តារមឈូស ដែលដាក់តម្កល់សាកសពរបស់បក្សសង្គ្រោះជាតិដើម្បីដង្ហែរយកទៅបូជាផងដែរ។ ក្តីសង្ឃឹមដែលថា គណបក្សនេះអាចនឹងរស់រានមានជីវិតឡើងវិញ ហើយអាចចូលរួមការបោះឆ្នោតខាងមុខជាមួយគេឯងនោះត្រូវបានបញ្ចប់ទាំងស្រុង។ ការឃោសនាអកុសលទាំងឡាយដែលថា ការបោះឆ្នោតដែលគ្មានបក្សសង្គ្រោះជាតិចូលរួម នឹងមិនអាចធ្វើទៅកើតនោះក៏ត្រូវបាន រលាយសាបសូន្យទាំងស្រុងដែរពីព្រោះ បាត់បក្សសង្គ្រោះជាតិមួយ មានគណបក្សថ្មីៗជាច្រើនដែលចេញពីប្រភពអតីតបក្សសង្គ្រោះជាតិបានកកើតឡើងហើយចូលរួមក្នុងដំណើរការបោះឆ្នោតនេះ។
នៅក្នុងបញ្ជីផ្លូវការរបស់ក្រសួងមហាផ្ទៃ មានគណបក្សនយោបាយដល់ទៅ៤០ ឯណោះដែលបានចុះបញ្ជីត្រឹមត្រូវ ហើយយ៉ាងហោចណាស់ក៏អាចមានពាក់កណ្តាលនៃចំនួននេះដែរដែលនឹងចូលរួមប្រកួតក្នុងការបោះឆ្នោតខែកក្កដាខាងមុខនេះ។ ប្រទេសតូចមួយ មានគណបក្សច្រើនដល់ម្លឹងតើអ្នកណាអាចនិយាយបានថា កម្ពុជាគ្មានប្រជាធិបតេយ្យបាននោះ។ បើមានអ្នកនិយាយដូច្នេះគឺមានតែអ្នកខកដំណើរ ហើយចង់ឲ្យគេខកតាមខ្លួនតែប៉ុណ្ណោះដែលអាចហារមាត់និយាយបែបនេះបាន។
ការចុះបញ្ជីបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតដែលបានចាប់ផ្តើមពីថ្ងៃទី៣០ ខែមេសា និងបន្តរហូតថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ និងការកកើតឡើងគណបក្សនយោបាយថ្មីថ្មោង ក៏ដូចជាការត្រៀមខ្លួនចូលរួមដំណើរការបោះឆ្នោត របស់គណបក្សនយោបាយចាស់វស្សាជាច្រើនទៀត គឺជាសញ្ញាដែលបញ្ជាក់ថា អ្នកខំឃោសនាអកុសលកុំឲ្យគណបក្សនយោបាយចូលរួមបោះឆ្នោត កុំឲ្យអ្នកសង្កេតការណ៍ចូលរួមតាមដានការបោះឆ្នោត និងកុំឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ទទួលបរាជ័យទាំងស្រុង។ ទីបំផុតការចូលរួមនៅតែមានភាពសស្រាក់សស្រាំ និងច្រើនកុះករ និងច្រើនជាងឆ្នាំ២០១៣ទៅទៀត។ នេះក៏សបញ្ជាក់ឲ្យឃើញដែរថា ការអំពាវនាវខុសច្បាប់ និងបំពានសិទ្ធិរបស់បក្សនយោបាយ ក៏ដូចជាបំពានសិទ្ធិរបស់ពលរដ្ឋ មិនទទួលបានការគាំទ្រឡើយ។ ការប៉ុនប៉ងពន្យារពេលបោះឆ្នោត និងកិច្ចខិតខំប្រឹងប្រែងឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធមកលើរាជរដ្ឋាភិបាលបក្សកាន់អំណាចក៏សាបរលាបគ្មានឥទ្ធិពលសូម្បីតែបន្តិច។
ឥឡូវនេះជាពេលវេលាដែលក្រសែភ្នែកទាំងសហគមន៍ជាតិ និងអន្តរជាតិ កំពុងតាមដានមើលយ៉ាងយកចិត្តទុកដាក់អំពីការលូតលាស់នៃដំណើរប្រជាធិបតេយ្យ ឈរលើនីតិរដ្ឋ របស់កម្ពុជាក្រោយពីបក្សសង្គ្រោះជាតិរលាយបាត់ទៅ។ មិនដូចការឃោសនា របស់លោក សម រង្ស៊ី ឯណា ការរលាយបក្សសង្គ្រោះជាតិមិនបានបង្កបញ្ហាអ្វីទាល់តែសោះដល់ដំណើរការ ប្រជាធិបតេយ្យនៅកម្ពុជា ផ្ទុយទៅវិញ អវត្តមានរបស់គណបក្សមួយនេះធ្វើឲ្យប្រជាធិបតេយ្យរឹតតែមានលក្ខណៈសម្បូរបែប រីឯស្ថានភាពទូទៅ មានសភាពស្ងប់ស្ងាត់ ធ្វើឲ្យពលរដ្ឋទូទៅមានភាពកក់ក្តៅ។ ទីផ្សារអចលនទ្រព្យហក់ឡើង សំណង់នៅតែដំណើរការយ៉ាង ព្រោងព្រាត ទេសចរអន្តរជាតិ បន្តកើនឡើង មុខជំនួញគ្រប់ប្រភេទដំណើរការទៅមុខកាន់តែល្អ ប្រជាពលរដ្ឋចេញដើរកម្សាន្ត សប្បាយកាន់តែច្រើនជាងមុនកាលពីក្នុងអំឡុងពេលបុណ្យចូលឆ្នាំកន្លងទៅនេះ។ ទាំងអស់បណ្តាលមកពីពួកគេមានទំនុកចិត្តលើសន្តិភាព និងស្ថិរភាព នយោបាយនៅក្នុងប្រទេសខ្លាំងជាងមុនដោយសារតែគ្មានអ្នកក្រឡុកស្ថានការណ៍ដូចមុនទៀតឡើយ។
បើអ្វីៗក៏ល្អប្រសើរបែបនេះ តើឲ្យពលរដ្ឋខ្មែរ និងឲ្យសហគមន៍អន្តរជាតិ ជឿលើការឃោសនារបស់ពួកអ្នកខកដំណើរម្តេចនឹងកើត? ពួកគេគ្មានជម្រើសអ្វីក្រៅតែពីចូលរួមក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដែលកំពុងធ្វើដំណើរទៅមុខយ៉ាងល្អ នៅលើវិថីនៃនីតិរដ្ឋ និងឈរលើមូលដ្ឋាន សុខសន្តិភាព ស្ថិរភាព សង្គមដែលមានសព្វថ្ងៃនេះឡើយ។ ចំណែកឯខ្មោចគណបក្សសង្គ្រោះជាតិ មិនអាច រស់ឡើងវិញបានជាដាច់ខាត ហើយអ្នកចិញ្ចឹមចិត្តនៅសង្ឃឹមលើពាក្យឃោសនា លួងចិត្តរបស់លោក សម រង្ស៊ី កាន់តែមានចំនួនថយចុះតិចទៅៗជាលំដាប់។ ជាក់ស្តែងការកកើតឡើងនូវគណបក្សនយោបាយថ្មីថ្មោង ដែលចេញពីប្រភពអតីតគណបក្សសង្គ្រោះជាតិ ជាពិសេសក្រុមយុវជនគឺជាឧទាហរណ៍ដែលបង្ហាញពីក្តីអស់សង្ឃឹមរបស់ពួកគេទៅលើមេដឹកនាំដែលអស់ក្រឡាដើរដូចលោក សម រង្ស៊ី និងបក្សពួកនោះឡើយ។ ទីបំផុតនៅសល់តែលោក សម រង្ស៊ី និងមនុស្សជំនិតមួយដំបរស្វាប៉ុណ្ណោះដែលនៅបន្តធ្វើព្យុះភ្លៀង តែវាគ្រាន់តែជាព្យុះក្នុងកែវតែប៉ុណ្ណោះ។ ចំណែកអតីតអ្នកធ្លាប់គាំទ្រផ្សេងទៀត គណបក្សថ្មីៗស្ទើរអស់ទៅហើយពីព្រោះពួកគេដឹងច្បាស់ណាស់ថា គណបក្សសង្គ្រោះជាតិមិនអាចរស់ឡើងវិញ ដូចលោក សម រង្ស៊ី ឃោសនានោះឡើយ។ អ្នក ទាំងនោះមានភាពវៃឆ្លាតជាងអតីមេរបស់ខ្លួន ដោយពួកគេមានសមត្ថភាពវាយតម្លៃសភាពការណ៍នយោបាយច្បាស់ជាងលោក សម រង្ស៊ី និងមន្ត្រីមួយក្តាប់តូចនៅជុំវិញខ្លួន។ ពេលនេះដែកគោលត្រូវបានវាយលើក្តារមឈូសទៅហើយ ដូច្នេះសល់តែសំឡេងខ្លងខែកដង្ហែរ សាកសពបក្សសង្គ្រោះជាតិ ដែលស្អុយរលួយអស់ទៅហើយនោះទៅបូជាតែប៉ុណ្ណោះ។ គ្មានអ្នកណាសូម្បីតែម្នាក់ឡើយ សូម្បីសម រង្ស៊ី ខ្លួនឯងក៏គ្មានសង្ឃឹមថាអាចប្រោសគណបក្សនេះឲ្យរស់ឡើងវិញបានដែរ។ ចប់ហើយសង្គ្រោះជាតិ! (RIP! CNRP) !!!!
ដោយ៖ កូនខ្មែរ