(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងសហការី នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះទៅជួបសំណេះសំណាល សាកសួរសុខទុក្ខ និងប្រជុំត្រួតពិនិត្យ លើប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៣ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ប៉ុស្ដិ៍នគរបាលចំនួន៣ដែលលោកដឹកនាំកម្លាំងត្រួតពិនិត្យ គឺប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកុក, ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កំពង់ចាម និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់វាលវង់។
គោលបំណងនៃការចុះត្រួតពិនិត្យនោះ ត្រូវបានលោកស្នងការ អះអាងថា ដើម្បីឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាល អនុវត្តកាន់តែមានប្រសិទ្ធភាព លើការងារចាំបាច់ចំពោះមុខ ដូចជាពង្រឹងកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ណែនាំអំពីនីតិវិធី និងកិច្ចការងារជំនាញ, ពង្រឹងការគោរពវិន័យកងកម្លាំងគរបាល០០៦, ការកសាងប្រជាការពារ និងការងារអតីតយុទ្ធកម្ពុជា, ពង្រឹងផ្សព្វផ្សាយសភាពការណ៍ កិច្ចការពារបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។
ការងារដែលកាន់តែចាំបាច់ទៀតនោះ គឺកិច្ចការងារត្រៀមការពារការបោះឆ្នោតនៅពេលខាងមុខ ស្តាប់របាយការណ៍អំពីកិច្ចការងារដែលបានអនុវត្តកន្លងមក ទាំងការលំបាកងាយស្រួល និងបញ្ហាប្រឈមនានាក្នុងមូលដ្ឋាន ព្រមទាំងដោះស្រាយនូវសុំណូមពររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលផងដែរ៕