(ភ្នំពេញ)៖ សាកលវិទ្យាល័យឯកទេស នៃកម្ពុជា (CUS) ដែលជាសាកលវិទ្យាល័យឈានមុខមួយនៅកម្ពុជា និងសាកលវិទ្យាល័យ WUHAN របស់ចិន កំពុងស្វែងរកឱកាសសហការគ្នាពង្រីក និងពង្រឹងការអប់រំដល់និស្សិតឲ្យកាន់តែល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងជំនួបពិភាក្សាស្វែងរកឱកាសបើកកិច្ចសហការគ្នានេះ លោកបណ្ឌិត ស្តើង សុខុម សាកលវិទ្យាធិការសាកលវិទ្យាល័យ CUS នាថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៨កន្លងទៅនេះ បានរៀបរាប់ពីសកម្មភាព និងលទ្ធផលមួយចំនួនដែលសាកលវិទ្យាល័យសម្រេចបាន។
លោកសាកលវិទ្យាធិការបានរៀបរាប់ថា ក្នុងបេសកកម្មអប់រំរយៈពេលជាង ១៦ឆ្នាំកន្លងមកនេះ សាកលវិទ្យាល័យបានខិតខំប្រឹងប្រែងគ្រប់សកម្មភាពទាំងហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ ផ្នែករឹង សេវាកម្មគាំទ្រ បរិស្ថានសិក្សា គុណភាពបង្រៀន និងគុណភាពរៀន ក្នុងគោលបំណងសម្រេចឲ្យបាននូវការកសាងមូលធនបញ្ញាប្រកបដោយសមត្ថភាពវិជ្ជាជីវៈ និងបុគ្គលិកលក្ខណៈសម្បតិល្អប្រពៃសម្រាប់និស្សិតរបស់ខ្លួន។
លោក ស្តើង សុខុម បន្តទៀតថា CUS បានដាក់ចេញទិសដៅអាទិភាពការងាររបស់ខ្លួន «ទាំងអស់គ្នាដើម្បីគុណភាព គុណភាពដើម្បីទាំងអស់គ្នា» ដោយឈរលើមូលដ្ឋាននេះធ្វើឲ្យសាកលវិទ្យាល័យមានការរីកចម្រើនជាបន្តបន្ទាប់។ ទាក់ទងកិច្ចសហប្រតិបត្តិការដៃគូកន្លងមក សាកលវិទ្យាល័យបានចុះអនុស្សរណៈជាមួយស្ថាប័ននានាក្នុងស្រុកជិត ៥០០ក្រុមហ៊ុន/ស្ថាប័ន និងដៃគូក្រៅប្រទេសជាង ៤០ស្ថាប័ន ដែលមានដូចជាប្រទេសជប៉ុន ចិន កូរ៉េ អាឡឺម៉ង ថៃ ឥណ្ឌូនេស៊ី ឥណ្ឌា ហ្វីលីពីន ចក្រភពអង់គ្លេស បង់ក្លាដែស អ៉ីស្រាអែល វៀតណាម និងបណ្តាប្រទេសនានាមួយចំនួនទៀត។ ជាក់ស្តែង CUS បានស្វែងរកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ WUHAN ប្រទេសចិន។
តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការនេះ សាកលវិទ្យាល័យបានបញ្ជូនបុគ្គលិក និងនិស្សិតទៅទស្សនកិច្ចដកស្រង់បទពិសោធន៍នៅសា កលវិទ្យាល័យដៃគូទាំងនោះលើកម្មវិធីបទបង្ហាញ សិក្ខាសាលាសន្និសីទទស្សនកិច្ចសិក្សា កម្មសិក្សា និងការផ្តល់អាហារូបករណ៍ដល់និស្សិត ជាលទ្ធផលបុគ្គលិក និងនិស្សិតរបស់សាកលវិទ្យាល័យដែលបានចូលរួមកម្មវិធីវគ្គវែង និងវគ្គខ្លីនៅបណ្តាសាកលវិទ្យាល័យដៃគូទាំងនោះតែងតែមានការប្រែប្រួលផ្នែកបុគ្គលិកលក្ខណៈសម្បត្តិ ស្មារតីទទួលខុសត្រូវ ហើយនិស្សិតទាំងនោះក៏មានទំនាក់ទំនង និងចងមិត្តភាពជាមួយ និស្សិតនៅក្រៅប្រទេសជាច្រើនផងដែរពិសេសការព្យាយាមសិក្សារៀនសូត្រកាន់តែសកម្ម និងហ្មត់ចត់ជាងមុនទ្វេដង។
ក្នុងពិធីសំណេះសំណាលនោះ លោក CHENG SHIXING នាយកសាកលវិទ្យាល័យ WUHAN បានធ្វើបទឧទ្ទេសនាមពីប្រវត្តិរបស់មហាវិទ្យាល័យWUHAN និងចំណុចប្រសព្វរវាងកម្មវិធីសិក្សានិងសាកលវិទ្យាល័យទាំងពីរ ព្រមទាំងបានសន្យាពង្រឹងទំនាក់ទំនងជាមួយសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាក្នុងការផ្លាស់ប្តូរបទពិសោធន៍រវាងសាកលវិទ្យាល័យទាំងពីរ ព្រមទាំងបង្កើតនូវកម្មវិធីមួយចំនួនទៀតប្រហាក់ប្រហែល ទៅនឹងកម្មវិធីផ្លាស់ប្តូរការសិក្សា(Exchange Program) ដែលមានដូចជាកម្មវិធីអញ្ជើញគណៈគ្រប់គ្រង សាស្ត្រាចារ្យរបស់សាកលវិទ្យាល័យCUS មកធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ WUHAN ប្រទេសចិន នាពេលថ្មីៗនេះ។
សូមបញ្ជាក់ថា CUS មាន៨ទីតាំង ដែល២ទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំងទៀតនៅខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត។ និស្សិតដែលបានបញ្ចប់ការសិក្សាមានអត្រាការងារធ្វើរហូតដល់៩០% និងនិស្សិតកំពុងសិក្សាមានអត្រាការងារធ្វើខ្ពស់ផងដែរ លទ្ធផលនេះបានបង្ហាញថានិស្សិត CUS ទទួលបានការងារធ្វើក្នុងអត្រាមួយខ្ពស់សម្រាប់ការងារទីផ្សារក្នុងប្រទេស។
បើយោងតាមស្ថិតិរបស់ការិយាល័យទីផ្សារ និងគាំពារនិស្សិតក្នុងឆ្នាំសិក្សាថ្មីនេះ CUS ទទួលបានកំណើននិស្សិតថ្មីប្រមាណជា២០%៕