(ឧត្តរមានជ័យ)៖ លោក ស ថាវី អភិបាលខេត្តឧត្តរបន្ទាយមានជ័យ និងលោក យឹម ធិន ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងដាក់ឲ្យដំណើរការ គម្រោងសាងសង់អាងទំនប់ទឹកទំហំដី ៣០០ហិកតា និងផ្លូវគ្រួសក្រហម ៣គីឡូម៉ែត្រ ដែលស្ថិតនៅក្នុងភូមិត្រពាំងស្វាយ ឃុំបេង ស្រុកបន្ទាយអំពិល។
លោក ស ថាវី បានថ្លែងថា តំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យកាលដើមឡើយ ជាតំបន់ក្តៅមិនមានប្រជាពលរដ្ឋមករស់នៅនោះទេ តែដោយសារនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានធ្វើឲ្យខ្មែរគ្រប់ភាគីទាំងអស់ ងាកមកនិយាយរកគ្នា រួមគ្នាអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន និងមានស្ថេរភាពពាសពេញផ្ទៃប្រទេស ធ្វើឲ្យប្រជាពលរដ្ឋមករស់នៅតំបន់ព្រំដែនយ៉ាងច្រើននាពេលបច្ចុប្បន្ន។
លោកបានបន្តថា ស្របពេលប្រជាពលរដ្ឋមករស់នៅតំបន់ព្រំដែនច្រើន អាជ្ញាធរមានបន្ទុកកាន់តែច្រើន ជួយប្រជាពលរដ្ឋ ដូចជាកន្លែងខ្លះគ្មានផ្លូវ គ្មានទឹក គ្មានសាលារៀន... ដែលមិនអាចឲ្យអាជ្ញាធរនៅស្ងៀមបានទេ ត្រូវតែគិតគូដោះស្រាយជូន។
លោក ស ថាវី បានបញ្ជាក់យ៉ាងដូច្នេះ «ជាក់ស្តែងថ្ងៃនេះយើងបានធ្វើពិធីបើកការដ្ឋានសាងសង់ផ្លូវ ធ្វើទំនប់ទុកទឹកជូនប្រជាពលរដ្ឋនៅតំបន់ទំនប់ខាងលើនេះ ដែលគាត់កំពុងជួបការលំបាក ហើយពិធីថ្ងៃនេះ គឺយើងធ្វើតាមការសន្យាជាមួយគាត់»។
ក្នុងពិធីនោះដែរ លោកអភិបាលខេត្ត បានផ្តល់វិទ្យុទាក់ទង ជូនប្រជាការពារភូមិចំនួន ២៦ភូមិ ក្នុងមួយភូមិៗទទួលបានវិទ្យុទាក់ទង ៥២គ្រឿង, ស្រុកបន្ទាយអំពិល ៥គ្រឿង នគរបាលស្រុក ៥គ្រឿង, អាវុធហត្ថស្រុក ៥ គ្រឿង, បញ្ជារការផ្នែកសឹករងស្រុក ៥គ្រឿង, ឃុំ ៤គ្រឿង, នគរបាកប៉ុស្ថិ៍បេង ៩គ្រឿង, និងពូជស្រូវជូនប្រជាពលរដ្ឋចំនួន២០០ការ៉ុង, ជី ចំនួន២០០ការ៉ុង, ព្រមទាំងប្រជាពលរដ្ឋចូលរួម ៣០០នាក់ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង០១ ក្រណាត់ ១ដុំផងដែរ៕