(ភ្នំពេញ)៖ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានប្រាប់ឲ្យដឹងថា ស្រ្តីម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយត្រូវរថយន្តបែន (ធន់ធំដឹកថ្ម) នៅវេលាម៉ោង១២៖៣០នាទី រសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ នៅចំណុចផ្លូវបែកជាបួន ស្ថិតតាមផ្លូវហាណូយ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ច បានបញ្ជាក់ថា ស្រ្តីរងគ្រោះឈ្មោះ អោក កេង អាយុ៦០ឆ្នាំ មានទីលំនៅ ផ្ទះលេខបេ១ ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិព្រែកតាទែន ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ស្លាប់ភ្លាមៗនៅកន្លែង។
ចំណែករថយន្តបង្កហេតុ រថយន្ដម៉ាក FUSO ពណ៌ខៀវ ប្រភេទបែន ពាក់ស្លាកលេខ ភ្នំពេញ3A-1315 អ្នកបើកបរដែលជាជនបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ មានឈ្មោះ មាឃ វិបុល ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិទូករទេះ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល បើករថយន្តឲ្យក្រុមហ៊ុន «លាង ម៉ៅ»។
មុនកើតហេតុស្រ្តីរងគ្រោះ បានជួលម៉ូតូឌុបម៉ាកហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BX-7964 ក្នុងតម្លៃ២ម៉ឺនរៀល ជិះពីព្រែកតាទែន ឆ្ពោះទៅភូមិភូមិថ្មគោល១ សង្កាត់ចោមចៅ២ ដោយធ្វើដំណើរកាត់ តាមបណ្តោយផ្លូវហាណូយ ពីជើងទៅត្បូង។ លុះដល់ចំណុចកើតហេតុ ម៉ូតូបង្អន់ល្បឿន ដោយសារផ្លូវបំបែកជាបួន ស្រាប់តែរថយន្តបង្ក បើកពីជើងទៅត្បូងដែរនោះ បើកបុកពីក្រោយ ដួលធ្លាក់ជនរងគ្រោះ ហើយរថយន្តមិនបានឈប់បន្តទៅមុខ កិនពីលើជនរងគ្រោះតែម្តង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ចំណែកអ្នកបើកបរម៉ូតូរងរបួសស្រាល។
ក្រោយកើតហេតុ សាកសពសមត្ថកិច្ច ពិនិត្យរួចប្រគល់ឲ្យក្រុមគ្រូសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត និងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ជើងគោកក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕