
ក្រោមបញ្ជាពីអភិបាលរាជធានីភ្នំពេញ, អាជ្ញាធរប្រើធម៌ក្តៅ បញ្ឈប់ការលក់ដូរគ្មានសណ្តាប់ធ្នាប់ និងប៉ះពាល់សោភ័ណភាព នៅមុខវត្តបុទុមវត្តី ក្នុងខណ្ឌដូនពេញ
01-05-2018 15:51
(ភ្នំពេញ)៖ ក្រោមការបញ្ជាការផ្ទាល់ពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨នេះ អាជ្ញាធរខណ្ឌបានបើក យុទ្ធនាការចុះទៅបញ្ឈប់ការលក់ដូរ ដែលគ្មានសណ្តាប់ធ្នាប់យ៉ាងខ្លាំង នៅលើសួនច្បារ និងនៅលើទីធ្លាមុខវត្តបុទុមវត្តី ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
យុទ្ធនាការដ៏ក្តៅគគុកខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក យស់ យុទ្ធី អភិបាលរងខណ្ឌដូនពេញ និងលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ ដែលកម្លាំងសណ្តាប់ធ្នាប់ សាលាខណ្ឌ ព្រមទាំងអាជ្ញាធរមូលដ្ឋាន។
លោក ចាប ឌីណា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News បានបញ្ជាក់ថា «នៅរសៀលថ្ងៃនេះ យើងបានចុះមករៀបចំសណ្តាប់ធ្នាប់ មិនបានលាងសំអាតពេលលក់ដូររួច ដែលនាំឲ្យប៉ះពាល់ បរិស្ថាន និងជាពិសេសនោះ បានប៉ះពាល់ដល់សម្តេចសង្ឃ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលដើរលេងកំសាន្ត»។
លោកបានបន្តថា មូលហេតុដែលនាំឲ្យអាជ្ញាធរចុះមករៀបចំ និងបញ្ឈប់ការលក់ដូរបែបនេះ ដោយសារតែមានពាក្យបណ្តឹងពីសម្តេចសង្ឃនៅវត្តបុទុមវត្តី ប្រជាពលរដ្ឋបាន Comment មក Facebook របស់សាលាខណ្ឌជាច្រើន ជាពិសេសនោះ ប្រជាពលរដ្ឋតែងតែលើកឡើងពីបញ្ហានេះ នៅក្នុងវេទិកាសាធារណៈនាពេលកន្លងទៅ ទើបលោកអភិបាលរាជធានីភ្នំពេញ និងអភិបាលខណ្ឌ បានបញ្ជាឲ្យចុះមក រៀបចំតែម្តង។
បើតាមនាយករដ្ឋបាលសាលាខណ្ឌដូនពេញ លោកក៏សូមការយោគយល់ពីបងប្អូនអាជីវករទាំងអស់ ដែលបានចូលរួមសហការជាមួយអាជ្ញាធរ ហើយយល់ព្រមរុះរើ និងព្រមឈប់លក់ដូរ ចាប់ពីពេលនេះតទៅ។
ភ្នាក់ងារព័ត៌មាន Fresh News ដែលបានយកទៅព័ត៌មាន នៅកន្លែងរៀបចំសណ្តាប់ធ្នាប់ខាងលើនេះ បានឲ្យដឹងថា បន្ទាប់ពីឲ្យបញ្ឈប់ការលក់ដូរនោះ អាជ្ញាធរ ក៏បានបាញ់ទឹកសំអាតលាងបរិវេណ នៅទីនោះផងដែរ ដើម្បីលើកសោភ័ណភាពទីក្រុង និងមានការទាក់ទាញភ្ញៀវទេសចរណ៍៕