(ភ្នំពេញ)៖ គណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលកំពុងប្រកាសខ្លួន ជាគណបក្សធំទី២ នៅកម្ពុជា អាចនឹងរៀបចំចុះឈ្មោះចូលរួម និងចុះបញ្ជីឈ្មោះបេក្ខជនជូនគ.ជ.ប នៅអំឡុងសប្តាហ៍ចុងសប្តាហ៍នេះ ឬអំឡុងក្រោយ។ នេះបើតាម លោក ញ៉េប ប៊ុនជិន អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលអះអាងប្រាប់ បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨។
លោក ញ៉េប ប៊ុនជិន បានអះអាងថា មួយរយៈនេះថ្នាក់ដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច ជាប់រវល់នឹងការចុះជួបសំណេះសំណាល ស្វែងយល់ពីសុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋាន ទើបមិនបានចុះបញ្ជីចូលរួមឱ្យបានមុនគេ ប៉ុន្តែលោកអះអាងថា ការចុះឈ្មោះចូលរួម និងចុះបញ្ជីឈ្មោះបេក្ខជនរបស់បក្សលោក អាចនឹងធ្វើឡើងនៅថ្ងៃទី០៥ ដល់ថ្ងៃទី១០ ខែឧសភា ចុងសប្តាហ៍នេះ ឬអំឡុងសប្តាហ៍ក្រោយ។
បើតាមព្រះបន្ទូលរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច, ព្រះអង្គហាក់នៅតែមានជំនឿថា ការបោះឆ្នោតនៅពេលខាងមុននេះ នឹងមានស្ថានភាពល្អប្រសើរ ហើយព្រះអង្គក៏ជឿជាក់ថា លទ្ធផលចំពោះគណបក្សព្រះអង្គ នឹងប្រសើរឡើងផងដែរលទ្ធផលចំពោះគណបក្សព្រះអង្គនឹងប្រសើរឡើងផងដែរ។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចាប់ផ្តើមការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨។
រហូតដល់ថ្ងៃទី២ នៃការបើកចុះឈ្មោះបក្សនយោបាយនេះ មានគណបក្សចំនួន២ហើយ បានចុះឈ្មោះរួចរាល់ ខណៈដែលមាន គណបក្សនយោបាយ ប្រមាណ១៦ទៀត កំពុងរៀបចំឯកសារ បែបបទ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យគ.ជ.ប៕