(ភ្នំពេញ)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ បានបន្តកម្មវិធីទស្សនកិច្ចទៅកាន់ម៉ាឡេស៊ី ជាលើកទី៣ ក្រោយមានការឯកភាពជាគោលការណ៍ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា គោលបំណងទស្សនកិច្ចនេះ គឺដើម្បីចុះជួបសាកសួរសុខទុក្ខបងប្អូនខ្មែរឥស្លាម នៅរដ្ឋ២សំខាន់ៗដែលមានពលរដ្ឋខ្មែរ រស់នៅច្រើនគឺរដ្ឋ Pahang ដែលមានចម្ងាយជាង ៣០០គីឡូម៉ែត្រ ពីរដ្ឋធានីគូឡាឡាំពួរ និង រដ្ឋ Perak ដែលមានចម្ងាយជាង៦០០គីឡូម៉ែត្រ ពីរដ្ឋ Pahang។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់គណៈប្រតិភូ ទៅកាន់ប្រទេសម៉ាឡេស៊ីលើកទី១ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ដែលបានជួបបងប្អូនប្រជាពលរដ្ឋខ្មែរ នៅតំបន់ Kajang រដ្ឋ Selangor លើកទី២ ពីថ្ងៃទី២១ ដល់ថ្ងៃ២៤ ខែមេសា ឆ្នាំ២០១៨ ដែលបានអញ្ជើញជួបពលរដ្ឋខ្មែរនៅរដ្ឋ៣ គឺរដ្ឋ Johor Baharu រដ្ឋ Selangor និងរដ្ឋ Malaka ដែលដំណើរទស្សនកិច្ចនេះ ត្រូវបានប្រព្រឹត្តទៅដោយរលូន និងមានការទទួលស្វាគមន៍រាក់ទាក់ កក់ក្តៅពីបងប្អូនពលរដ្ឋខ្មែរ ដែលនៅតាមរដ្ឋនីមួយៗ ក៏ដូចជាការជ្រោមជ្រែង ទទួលរាក់ទាក់ពីថ្នាក់ដឹកនាំប្រទេសម៉ាឡេស៊ីផងដែរ៕