(ត្បូងឃ្មុំ)៖ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨នេះ បានចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅទូទាំងខេត្ត ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍ ទិវារពលកម្មអន្តរជាតិ លើកទី១៣២ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ក្រោមប្រធានបទ «សន្តិភាព ស្ថិរភាព ដើម្បីការងារ និងមុខរបរ»។ លោកបានលើកឡើងថា ប្រទេសមានសុខសន្តិភាព មានស្ថេរភាព ទើបមានរោងចក្រ កង្កើតការងារកាន់តែច្រើនដល់កម្មករ កម្មការិនី ដើម្បីកាត់បន្ថយការចំណាក់ស្រុកទៅក្រៅប្រទេស។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ មន្ត្រីនៅតាមស្ថាប័នជុំវិញមន្ទីរខេត្ត រួមជាមួយបងប្អូនកម្មករ និយោជិត នៅបរិវេណក្រុមហ៊ុនវីជីធូរ នីតធីង (ខេមបូឌា) សាខាក្រុងសួង ស្ថិតនៅភូមិវិហាខ្ពស់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
លោក លី ឡេង គូសបញ្ជាក់ថា ការបានជួបជុំសំណេះសំណាលនាពេលនេះ គឺបានមកប្រទេសជាតិមានសុខសន្តិភាពពិតៗ ប្រសិនបើប្រទេសគ្មានសន្តិភាពពេញលេញទេនោះ ក៏គ្មានការអភិវឌ្ឍន៍ ដូចសព្វថ្ងៃ ហើយក៏គ្មានការជួបជុំដូចថ្ងៃនេះដែរ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានរំលឹកផងដែរថា នៅមុនឆ្នាំ១៩៧៩ ប្រទេសកម្ពុជាទាំងមូលបានធ្លាក់ចូល ក្នុងភ្នួកភ្លើងសង្គ្រាមជាច្រើនឆ្នាំ ហើយត្រូវបានបំផ្លិចបំផ្លាញគ្មានសល់ សូម្បីតែ សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវ ស្ពាន ជាពិសេសសហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន ធ្លាក់ដល់ចំណុចសូន្យ។ តែរហូតមកដល់បច្ចុប្បន្ននេះ ប្រទេសជាតិមានសុខសន្តិភាព មានស្ថេរភាព មានការរីកចម្រើនលើគ្រប់វិស័យទាំងនេះ បានមកពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជា មានការកើនឡើងជាលំដាប់ផងដែរ។
លោក លី ឡេង បានបញ្ជាក់ថា ការជួបជុំសំណេះសំណាលនាពេលនេះ ក្នុងគោលបំណងបង្កើតភាពស្និទ្ធស្នាល រក្សាបាននូវសុខដុមរម្យនា ក្នុងការទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករនិយោជិក និយោជក និងដើម្បីចូលរួមអបអរទិវាពលកម្មអន្តរជាតិ០១ ឧសភា ២០១៨ ហើយក៏ជាសកម្មភាពល្អមួយ ក្នុងចំណោមសកម្មភាពជាច្រើនគួរ ត្រូវបានយកមកអនុវត្តនៅក្នុងសហគ្រាសគ្រឹះស្ថានផ្សេងទៀត ពីព្រោះវា គឺជាយុទ្ធសាស្រ្តមួយក្នុងការលើកទឹកចិត្ត អ្នកដែរបម្រើការឱ្យក្រុមហ៊ុនខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការងារសំដៅបង្កើនផលិតភាពការងារបន្ថែមទៀត។
ទទឹមនឹងនេះលោក លី ឡេង ក៏បានផ្ដាំផ្ញើដល់កម្មករកម្មការិនីទាំងអស់ត្រូវថែរក្សាការពារសុខសន្តិភាពនេះបានជាចាំបាច់ត្រូវពឹងផ្អែក ឱ្យមានការចូលរួមពីកម្មករ កម្មការិនីទូទាំងប្រទេស ឱ្យចូលរួមសហការ គ្នាបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នឱ្យគ្រប់គ្រងប្រទេសជាតិបន្តទៀត។ ជាពិសេស សូមប្រជាពលរដ្ឋកុំជឿតាមការញុះញង់លាបពណ៌ បំបែកបំបាក់នាំឱ្យមានការ ប្រកាន់ពូជសាសន៍ ព្រោះជាហេតុបណ្តាល ឱ្យមានការបែកបាក់សាមគ្គីជាតិផងដែរ។
បើតាមរបាយការណ៍របស់លោក អ៊ុ វាសនា ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ ប្រាប់ឱ្យដឹងថា បើគិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ ចំនួនសហគ្រាសគ្រឹះស្ថាន ក្នុងខេត្តត្បូងឃ្មុំ សរុប៤៥៨គ្រឹះស្ថាន កម្មករនិយោជិតសរុបចំនួន១៨,៦៥៦នាក់ ស្រី៨.៤១៨នាក់ ក្នុងនោះចំនួនសហគ្រាគ្រឹះស្ថាន ដែលបានចុះបញ្ជីកាបែបបទតាមច្បាប់ស្ដីពីការងារនៅមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តចំនួន១៣៤គ្រឹះស្ថាន និងសហគ្រាសគ្រឹះស្ថានពុំទាន់ចុះបញ្ជីកាចំនួនជាង៣០០ គ្រឹះស្ថានទៀត ចំណែកកម្មករនិយោជិតដែលមានបណ្ណការងារ សៀវភៅការងារសរុបចំនួន៩.១៩០នាក់ ស្រី៣.៩៧៤នាក់ផងដែរ៕