(កំពត)៖ កាកបាទក្រហមកម្ពុជាខេត្តកំពត ប្រមូលបានថវិកាប្រមាណ៤១០.២៦១ដុល្លារអាមេរិក ពីសប្បុរសជននានា ក្នុងពិធីអបអរខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៨។
កម្មវិធីនេះ បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នា» នៅបរិវេណពហុកីឡាដ្ឋានខេត្ត ស្ថិតក្នុង សង្កាត់ក្រាំងអំពិល ក្រុងកំពត ក្រោមអធិបតីភាពលោក ប៉ែន ស៊ីម៉ន ទីប្រឹក្សាផ្ទាល់សម្តេច ហ៊ុន សែន និងលោក ជាវ តាយ អភិបាលខេត្តកំពត ព្រមទាំងមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរកងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន សិស្សានុសិស្ស ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។
លោក ប៉ែន ស៊ីម៉ន បានណែនាំដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ត្រូវប្រើប្រាស់ថវិការឲ្យចំគោលដៅ គឺត្រូវចែកអំណោយជូនឲ្យដល់ដៃ អ្នកដែលក្សត់ខ្សោយ ទីទាល់ក្រ អ្នកអត់ អ្នកឃ្លានពិតប្រាកដ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពូជសាសន៍ ពណ៌សម្បុរឡើយ។
លោកបានបន្តថា ការចូលរួមពីសំណាក់សប្បុរសជននានា ក្នុងការជួយចែករម្លែក ថវិកាដល់កាកបាទក្រហម គឺជាទង្វើមួយល្អប្រសើរក្នុងការលើកទឹកចិត្ត ស្រោចស្រង់ដល់អ្នកដែលមានភាពខ្វះខាត ខ្សត់ខ្យោយ គ្មានទីពឹង អ្នករងគ្រោះ និងអ្នកងាយរងគ្រោះ ព្រោះពូកគេត្រូវការភាពកក់ក្តៅ និងការយកចិត្តទុកដាក់ខ្លាំងបំផុត។
លោក ជាវ តាយ បានថ្លែងអំណរគុណដល់សប្បរសជនទាំងអស់ និងចាត់ទុកថា នេះជាកិត្តិយសដ៏ធំធេងណាស់សម្រាប់ខេត្តកំពត ដែលបានរៀបចំកម្មវិធីនេះឡើង និងបានប្រមូលថវិកាពីសប្បុរសជននានា ទាំងក្នុង និងក្រៅខេត្ត ក៏ដូចជាសប្បុរសជនបរទេស ដែលមានចិត្តធម៌ ផ្តល់នូវថវិកាសម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត សរុបប្រមាណ ៤១០.២៦១អាមេរិកនេះ៕