តុលាការខេត្តរតនគិរី ចេញដីកាបញ្ជាឲ្យតាមចាប់ខ្លួន ឈ្មួញរុករករ៉ែដោយគ្មានអាជ្ញាប័ណ្ណ នៅស្រុកបរកែវ, ពេលនេះកម្លាំងអាវុធហត្ថតាមចាប់ និងបញ្ជូនទៅកាន់តុលាការ
01-05-2018 12:41
(រតនគិរី)៖ បន្ទាប់ពីមានដីកាលោក ឈុន ច័ន្ទសីហា ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨នេះ អាវុធហត្ថស្រុកបរកែវ ចាប់ខ្លួនបុរសម្នាក់ ពីបទរុករករ៉ែ ដោយគ្មានអាជ្ញាប័ណ្ណ ស្ថិតនៅភូមិត្រុំ ឃុំត្រុំ ស្រុកបរកែវ ទៅកាន់សាលដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។
លោកវរសេនីយ៍ត្រី កាន់ ធីរ័ត្ន មេបញ្ជាការអាវុធហត្ថស្រុកបរកែវ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ជនសង្ស័យមានឈ្មោះ យី ចន្នី ហៅថុល អាយុ៣០ឆ្នាំ មានស្រុកកណើត នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម, ទីលំនៅបច្ចុប្បន្នភូម១ ឃុំឡាមិញ ស្រុកបរកែវ។
លោកវរសេនីយ៍ត្រី កាន់ ធីរ័ត្ន បានបន្តថា ករណីដែលនាំឱ្យឈានទៅឃាត់ខ្លួនបុរសខាងលើ បន្ទាប់ពីមានដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត ពីបទធ្វើប្រតិបត្តិការរុករករ៉ែ ដោយគ្មានអាជ្ញាប័ណ្ណ និងបានគេចខ្លួនមិនបានចូលរួមដោះស្រាយ តាមនីតិវិធីរបស់តុលាការ ដោយគ្មានមូលហេតុ។
បច្ចុប្បន្នជនសង្ស័យ ត្រូវអាវុធហត្ថស្រុកបរកែវ បញ្ជូនទៅសាលដំបូងខេត្តរតនគិរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕