(ភ្នំពេញ)៖ តារាល្បីៗ ប្រុសស្រីជាច្រើនរូបមកពី «ក្រុមគ្រួសារតារាកម្ពុជា» បានរៀបចំសម្រឹតសម្រាំងតុបតែងខ្លួន យ៉ាងស្រស់ស្អាត ក្នុងឈុតសម័យលង្វែក ក្នុងឱកាសចូលរួម បើកសម្ពោធហាងកាហ្វេដ៏ល្បីឈ្មោះ មួយកន្លែង។
ជារឿងមួយនឹកស្មានមិនដល់ ដែលហាងថ្មី ទើបតែរំលេចឡើង ស្រាប់តែបង្កើតគោលគំនិតឲ្យតារាខ្មែរ និងតារាមកពីប្រទេសថៃ គ្រងឈុតសម្លៀកបំពាក់ តាមលំអានប្រពៃណីជាតិរៀងៗខ្លួន តាមសម័យកាល។ កម្មវិធីពេញមួយព្រឹកនេះ បានធ្វើឲ្យមហាជនដែលជិះឡានម៉ូតូកាត់នោះ ងាកមើលច្រើនកុះករ រិតតែញាំងឲ្យទាក់ទាញ ស្របពេលឃើញមានតារាជាច្រើននាក់ មកផ្តុំគ្នាយ៉ាងណែនពេញផ្ទៃហាង។
សូមបញ្ជាក់ថា ហាងកាហ្វេ «Inthanin» បានបើកដំបូង កាលពី១២ឆ្នាំមុន ហើយរហូតមកដល់ពេលនេះ មានចំនួនជាង៥០០សាខា នៅក្នុងប្រទេសថៃ។ មកដល់ថ្ងៃនេះ ក្រុមហ៊ុន Bangchak Corportion Plc និងក្រុមហ៊ុន Bangchak Retail បានត្រៀមខ្លួនរួចរាល់ ដើម្បីពាំនាំម៉ាក «អ៊ីនថៈនីន» កាហ្វេដែលមានគុណភាពខ្ពស់ របស់ប្រទេសថៃ ចូលទៅក្នុងទីផ្សារពិភពលោក ដោយចាប់ផ្ដើមពីប្រទេសជិតខាង និងមានអត្រារីកលូតលាស់នៃសេដ្ឋកិច្ច ដោយមានគម្រោងពង្រីកសាខា នៅក្នុងប្រទេសកម្ពុជា ឲ្យបានប្រមាណ១០០សាខា ក្នុងពេលឆាប់ៗនេះ៕