(ភ្នំពេញ)៖ គណបក្សឆន្ទៈខ្មែរ ដែលគេស្គាល់ថាជាគណបក្សថ្មីមួយរបស់លោក គង់ មុនីកា កូនប្រុសពៅរបស់អតីតសមាជិកគណបក្សសង្គ្រោះជាតិ គឺលោក គង់ គាំ គ្រោងនឹងដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅទូទាំង២៥មណ្ឌល (២៥រាជធានី-ខេត្ត) ហើយប្រធានគណបក្សអាចនឹងឈរឈ្មោះនៅមណ្ឌលភ្នំពេញ។ នេះបើតាមអ្នកនាំពាក្យគណបក្សឆន្ទៈខ្មែរ លោក ហ៊ីង យឿន។
ខណៈកំពុងទទួលពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនតំណាងរាស្ត្រ នៅទីស្ដីការ គ.ជ.ប នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨នេះ (ថ្ងៃទី២ នៃការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនតំណាងរាស្ត្រ) លោក ហ៊ីង យឿន ក្នុងនាមតំណាងគណបក្សឆន្ទៈខ្មែរ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា គណបក្សឆន្ទៈខ្មែរ គ្រោងនឹងដាក់បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា នៅទូទាំង២៥មណ្ឌល ដែលមានបេក្ខជនពេញសិទ្ធិចំនួន ១១៧រូប និងបម្រុងចំនួន ១១៧រូបដែរ។
តំណាងគណបក្សថ្មីសន្លាងមួយនេះបានបន្តថា ប្រធានគណបក្សឆន្ទៈខ្មែរ គឺលោក គង់ មុនីកា ប្រហែលជានឹងនៅឈរឈ្មោះតំណាងរាស្ត្រនៅមណ្ឌលភ្នំពេញ ប៉ុន្តែផែនការលម្អិតយ៉ាងណានោះ មិនទាន់ជាក់ច្បាស់នៅឡើយទេ។
លោក ហ៊ីង យឿន បានបញ្ជាក់ថា ថ្វីដ្បិតក្រសួងមហាផ្ទៃ បានប្រកាសទទួលស្គាល់ជូនគណបក្សឆន្ទៈខ្មែររួចរាល់ហើយក្ដី ប៉ុន្តែគណបក្សក្មេងវ័យមួយនេះ នៅមិនទាន់រកស្នាមមេដៃពីអ្នកគាំទ្រគ្រប់ចំនួន ៤,០០០នាក់ នៅឡើយទេ។ បញ្ហានេះ ថ្នាក់ដឹកនាំគណបក្សក៏កំពុងដុតដៃដុតជើងប្រមែប្រមូលផងដែរ។
លោកបានជម្រាបពីគោលបំណងរបស់គណបក្សឆន្ទៈខ្មែរផងដែរថា គណបក្សឆន្ទៈខ្មែរ បង្កើតឡើងដើម្បីប្រមូលឆន្ទៈប្រជាពលរដ្ឋខ្មែរ ក៏ដូចជាដាស់ស្មារតីប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់គាំទ្រអតីតគណបក្សប្រឆាំង កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៧ ឡើងវិញ។ ក្រៅពីនេះ ក៏ដើម្បីប្រមូលប្រជាពលរដ្ឋខ្មែរដទៃទៀតដែលមានការភ្ញាក់រលឹក និងមានការខ្វល់ខ្វាយពីរឿងបញ្ហាជាតិផងដែរ។
លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប និងជាអ្នកនាំពាក្យ គ.ជ.ប បានជម្រាបដែរថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែឧសភា ដែលជាថ្ងៃទី២ នៃការចុះបញ្ជីគណបក្សនយោបាយ និងការចុះឈ្មោះបេក្ខជនតំណាងរាស្ត្រ មានគណបក្សនយោបាយចំនួន២គណបក្សហើយ ដែលបានមកដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយ និងពាក្យសុំចុះឈ្មោះបេក្ខជនតំណាងរាស្ត្រ នៅ គ.ជ.ប ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា និងគណបក្សយុវជនកម្ពុជា។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចាប់ផ្តើមការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨៕