(ក្រចេះ)៖ មន្រ្តីរដ្ឋបាលព្រៃឈើសង្កាត់ថ្មីក្រែដឹកនាំដោយលោក ជ្រុន សៅ នាយរងសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែ សហការជាមួយអាវុធហត្ថស្រុកចិត្របុរី បានបន្តបង្ក្រាបរថយន្ដសាំងយ៉ាងដឹកឈើល្មើសច្បាប់ ចំនួន៣គ្រឿង នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវជាតិលេខ៧ ស្ថិតនៅភូមិបន្ទាយ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ។
លោក អ៊ឹម យុគុន្ធរ មេបញ្ជាការងអាវុធហត្ថស្រុកចិត្របុរី បានឲ្យដឹងថា លោកបានចូមរួមសហការជាមួយ កម្លាំងរដ្ឋបាលព្រៃឈើសង្កាត់ថ្មក្រែ ចុះទៅបង្រ្គាបរថយន្ដទាំងនោះ ដោយរថយន្ដនោះដឹកឈើល្មើសច្បាប់ទាំង៣គ្រឿងនោះ បានដឹកឈើចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ស្រុកចិត្របុរី ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាបតែម្ដង។
លោក ជ្រុន សៅ បានឲ្យដឹងថា រថយន្ដទាំង៣គ្រឿងនោះ ដឹកឈើក្ដារប្រភេទលេខ១ និងលេខ២ ហើយត្រូវបានសមត្ថកិច្ចនាំយកទៅ រក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីវាស់វែង និងផាកពិន័យតាមផ្លូវច្បាប់របស់រដ្ឋបាលព្រៃឈើ៕